អដ្ឋកថានិទានសូត្រទី ៤
គប្បីជ្រាបវិនិច្ឆ័យក្នុងនិទានសូត្រទី ៤ ដូចតទៅនេះ បទថា និទានានិ បានដល់ ហេតុទាំងឡាយ ។ បទថា កម្មានំ បានដល់ កម្ម ដែលឲ្យសត្វដល់វដ្តៈ ។ បទថា លោភោ និទានំ កម្មានំ សមុទយាយ សេចក្តីថា ការលោភ ដែលមានការចង់បាន និងការល្មោភជាសភាវៈ ជាដើម ហេតុ គឺជាហេតុ អធិប្បាយថា ជាបច្ច័យដើម្បីកើតឡើងនៃកម្មដែលធ្វើ ឲ្យដល់វដ្តៈ គឺធ្វើការប្រមូលកម្ម ដែលឲ្យដល់វដ្តៈមក ។ ឈ្មោះថា ទោសៈ ទោសៈមានការកាច និងការប្រទូស្តជាលក្ខណៈ ។ ឈ្មោះថា មោហៈ មោហៈមានការមិនដឹង និងការវង្វេងជាលក្ខណៈ ។ បទថា លោភប្បកតំ ប្រែថា កម្មដែលបុគ្គលធ្វើហើយដោយលោភចិត្ត អធិប្បាយថា បានដល់ កម្មដែលបុគ្គលត្រូវសេចក្តីលោភគ្របសង្កត់ កើត នូវការចង់បាន ហើយធ្វើ កម្មឈ្មោះថា លោភជំ ព្រោះកើតសេចក្តីលោភ ។ កម្មឈ្មោះថា លោភនិទានំ ព្រោះមានការលោភជាដើមហេតុ ។ កម្មឈ្មោះ ថា លោភសមុទយំ ព្រោះមានការលោភជាសមុទយៈ ។ បច្ច័យ ឈ្មោះថា សមុទយៈ អធិប្បាយថា មានលោភៈជាបច្ច័យ ។ បទថា យត្ថស្ស អត្តភាវោ និព្វត្តតិ សេចក្តីថា ក្នុងទីណាអត្តភាពនៃបុគ្គលនោះ ដែលមានកម្មកើតអំពី លោភៈកើតឡើង គឺខន្ធទាំងឡាយរមែងប្រាកដឡើង ។ បទថា តត្ថ តំ កម្មំ វិបច្ចតិ សេចក្តីថា កម្មនោះរមែងឲ្យផលក្នុងខន្ធ ទាំងឡាយនោះ ។ បទថា ទិដ្ឋេ វា ធម្មេ ជាដើម ព្រះមានព្រះភាគត្រាស់ ដើម្បីទ្រង់សម្តែងដល់ប្រភេទកម្មនោះ ព្រោះកម្មនោះជាទិដ្ឋធម្មវេទនីយកម្ម គឺ កម្មឲ្យផលក្នុងជាតិនេះក៏មាន ជាឧបបជ្ជវេទនីយកម្ម គឺកម្មឲ្យផលក្នុងជាតិមុខ ក៏មាន ឬជាអបរបរិយាយវេទនីយកម្ម គឺកម្មឲ្យផលក្នុងភពតៗ ទៅក៏មាន ក្នុងបទទាំង ២ ដ៏សេស ក៏មានន័យនេះដូចគ្នា ។