រឿងព្រះបាទទុដ្ឋគាមណីអភយ

ក្បាលទី 26 · ទំព័រ 623

បានឮថា ព្រះបាទទុដ្ឋគាមណីអភ័យនោះ ច្បាំងចាញ់ក្នុងចុល្លង្គណិយយុទ្ធ ទ្រង់ភេសោព្រះកាយទៅ ។ ចុល្លុបដ្ឋាកឈ្មោះតិស្សៈតាមទ្រង់ទៅ បាន តែម្នាក់បុណ្ណោះ ។ ទ្រង់ទៅកាន់ព្រៃជ្រៅមួយកន្លែង ប្រថាប់គង់ហើយ កាល ត្រូវសេចក្តីឃ្លានគ្របសង្កត់ ទើបត្រាស់ថា បាតិស្សៈ យើង ២ នាក់ស្រេកឃ្លាន ពន់ពេក នឹងធ្វើដូចម្តេច តិស្សអមាត្យទូលថា បពិត្រព្រះអង្គ ទូលបង្គំ មានព្រះក្រយាហារដាក់ក្នុងផ្តិលមាសមួយ លាក់ទុកក្នុងរវាងសំពត់សាដក មកដែរ ព្រះរាជាត្រាស់ថា បើដូច្នោះ ចូរយកមក ។ ទើបអមាត្យនាំព្រះ ក្រយាហារចេញមកដាក់ចំពោះព្រះភក្ត្រព្រះរាជា ។ ទ្រង់ឃើញហើយត្រាស់ ថា នែបាចូរចែកជា ៤ ចំណែកចុះ ។ អមាត្យទូលសួរថា ពួកយើងមាន ៣ នាក់ ហេតុអ្វី ទើបទ្រង់ឲ្យចាប់ជា ៤ ចំណែក ព្រះរាជាត្រាស់ថា បាតិស្សៈ កាលដែលខ្ញុំនឹកដល់ខ្លួន ខ្ញុំមិនធ្លាប់បរិភោគអាហារ ដែលមិនទាន់បានប្រគេន ដល់លោកម្ចាស់ទាំងឡាយជាមុនឡើយ ទោះថ្ងៃនេះ ខ្ញុំក៏នឹងមិនព្រមបរិភោគ ដោយមិនទាន់បានប្រគេនអាហារដល់លោកម្ចាស់ទាំងឡាយដែរ ទើបអមាត្យ បែងចែកជា ៤ ចំណែក ។ ព្រះរាជាទ្រង់បញ្ជាថា អ្នកចូរប្រកាសកាល ។ អមាត្យពោលថា ក្នុងព្រៃជ្រៅ យើងនឹងបានលោកម្ចាស់មកអំពីណា ។ ព្រះរាជា ត្រាស់ថា ការណ៍នេះ មិនមែនជាកិច្ចរបស់អ្នកឡើយ បើសទ្ធារបស់ខ្ញុំ មាន ខ្ញុំនឹងបានលោកម្ចាស់ដោយឯងៗ អ្នកចូរដាក់ចិត្ត ហើយប្រកាសកាល ចុះ ។ ទើបអមាត្យប្រកាស ៣ ដងថា ភត្តកាលដល់ហើយលោកម្ចាស់ បាននូវកាលនៃអាហារហើយលោកម្ចាស់ ។