អដ្ឋកថា ហត្ថកសូត្រទី ៥
គប្បីជ្រាបវិនិច្ឆ័យក្នុងហត្ថកសូត្រទី ៥ ដូចតទៅនេះ បទថា អាឡវិយំ ប្រែថា ក្នុងដែនអាឡវី ។ បទថា គោមគ្គេ ប្រែថា ផ្លូវទៅ របស់ហ្វូងគោ ។ បទថា បណ្ណសន្ថរេ បានដល់ លើកម្រាលដែលក្រាល ដោយស្លឹកឈើជ្រុះឯង ។ បទថា អថ សេចក្តីថា កាលព្រះសាស្តាទ្រង់ក្រាលមហាសុគតចីវរ របស់ទ្រង់ លើកម្រាលដែលបោស យកស្លឹកឈើជ្រុះឯងមកគរក្នុងព្រៃធ្នង់ ជិតផ្លូវត្រង់មួយ ដែលជាផ្លូវគោដើរយ៉ាងនេះហើយ ប្រថាប់គង់ពត់ភ្នែន ។ បទថា ហត្ថកោ អាឡវកោ បានដល់ រាជបុត្រអ្នកក្រុងអាឡវី ទ្រង់ មានឈ្មោះថា ហត្ថកៈយ៉ាងនេះ ព្រោះទ្រង់មកអំពីដៃរបស់អាឡវកយក្ខ ទៅកាន់ ព្រះហស្តរបស់ព្រះសម្មាសម្ពុទ្ធ ។ បទថា ឯតទវោច សេចក្តីថា ហត្ថករាជបុត្របានក្រាបទូលពាក្យនោះ គឺពាក្យជាដើមថា កច្ចិ ភន្តេ ភគវា ។ សួរថា ព្រោះហេតុអ្វី ទើបព្រះសម្មាសម្ពុទ្ធយាងទៅប្រថាប់គង់ក្នុងទីនោះ ព្រោះហេតុអ្វី ទើបព្រះរាជកុមារយាងទៅទីនោះ ។ ឆ្លើយថា ជាបឋម ព្រះសម្មាសម្ពុទ្ធទ្រង់ឃើញហេតុកើតព្រះធម្មទេសនា ដែលមានអត្ថុប្បត្តិហេតុហើយ ទើបយាងទៅប្រថាប់គង់ក្នុងទីនោះ ចំណែកព្រះរាជកុមារ ទ្រង់ក្រោកឡើងអំពីព្រលឹម មានឧបាសក ៥០០ ចោម រោម កំពុងយាងទៅកាន់ទីដែលព្រះសម្ពុទ្ធនៅប្រថាប់ ដែលបែកចេញអំពី ផ្លូវធំ តាមផ្លូវរបស់គោ ទ្រង់យាងទៅដោយបំណងថា អញនឹងបេះផ្កាឈើ ចម្រុះគ្នាដើម្បីប្រើជាប្រយោជន៍ ជាគ្រឿងបូជាព្រះពុទ្ធ ដូច្នេះហើយ ទ្រង់ទត ឃើញព្រះសាស្តា ទើបចូលទៅថ្វាយបង្គំ ហើយប្រថាប់គង់ក្នុងទីសមគួរ នា ចំណែកម្ខាង ព្រះរាជកុមារនោះ យាងទៅទីនោះ ដោយហេតុដូចពណ៌នា មកនេះ ។