និរយកថា
គប្បីជ្រាបវិនិច្ឆ័យក្នុងទេវទូតសូត្រទី ៦ ដូចតទៅនេះ បទថា ទេវទូតានិ បានដល់ ទេវទូតទាំងឡាយ ។ ក្នុងបទថា ទេវទូតានិ នេះ មាន អត្ថនៃពាក្យដូចតទៅនេះ មច្ចុ ឈ្មោះថា ទេវ ទូតរបស់ទេវៈនោះ ឈ្មោះ ទេវទូត អធិប្បាយថា មនុស្សចាស់ មនុស្សឈឺ និងមនុស្សស្លាប់ ហៅថា ទេវទូត ព្រោះហាក់ដូចដាស់តឿនថា ឥឡូវនេះ អ្នកកំពុងចូលទៅកេកោនឹង សេចក្តីស្លាប់ ដោយប្រាថ្នាឲ្យកើតសេចក្តីសង្វេគ ។ ម្យ៉ាងទៀត ឈ្មោះថា ទេវទូត ព្រោះអត្ថថា ជាទូតដូចទេវតាក៏មាន ។ អធិប្បាយថា កាលទេវតាស្អិតស្អាងគ្រឿងអលង្ការ ហើយឈរនិយាយក្នុង អាកាសថា អ្នកនឹងស្លាប់ក្នុងថ្ងៃឈ្មោះនោះ ពាក្យសម្តីរបស់ទេវតានោះ បុគ្គល គប្បីជឿ យ៉ាងណា សូម្បីមនុស្សចាស់ មនុស្សឈឺ និងមនុស្សស្លាប់ ក៏ ដូច្នោះដូចគ្នា កាលប្រាកដ ក៏ហាក់ដូចជាដាស់តឿនថា អ្នកក៏មានសភាព យ៉ាងនេះជាធម្មតា ពាក្យសម្តីរបស់មនុស្សចាស់ មនុស្សឈឺ និងមនុស្ស ស្លាប់ទាំងនោះ ដូចពាក្យព្យាកររបស់ទេវតា ព្រោះមិនមានការប្រែប្រួលទៅជា ដទៃឡើយ ព្រោះហេតុនោះ ទើបឈ្មោះថា ទេវទូត ព្រោះជាទូតដូចទេវតា ។ ម្យ៉ាងទៀត ឈ្មោះថា ទេវទូត ព្រោះជាទូតរបស់វិសុទ្ធិទេពក៏បាន អធិប្បាយថា ព្រះពោធិសត្វគ្រប់អង្គ ឃើញមនុស្សចាស់ មនុស្សឈឺ មនុស្ស ស្លាប់ និងអ្នកបួសបុណ្ណោះ ក៏ដល់នូវសេចក្តីសង្វេគ ហើយចេញបួស ។ អ្នកចាស់ អ្នកឈឺ អ្នកស្លាប់ និងអ្នកបួស ឈ្មោះថា ទេវទូត ព្រោះជាទូត របស់វិសុទ្ធិទេពទាំងឡាយ ដូចពណ៌នាមកនេះ ។