អដ្ឋកថាបឋមរាជសូត្រទី ៧ និងទុតិយរាជសូត្រទី ៨
បឋមរាជ និងទុតិយរាជសូត្រទី ៧-៨ [ ៣៨-៣៩ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមរាជសូត្រទី ៧ និងទុតិយរាជសូត្រទី ៨ ដូចតទៅនេះ បទថា អមច្ចា បរិសជ្ជា បានដល់ បារិចារិកទេវតា គឺទេវតាបម្រើ ។ បទថា ឥមំ លោកំ អនុវិចរន្តិ សេចក្តីថា បាន ឮថា ក្នុងថ្ងៃ ៨ សក្កទេវរាជ ទ្រង់បញ្ជាស្តេចមហារាជទាំង ៤ ថា អ្នក ទាំងឡាយ ថ្ងៃនេះ ជាថ្ងៃ ៨ កើត ៨ រោច អ្នកទាំងឡាយ ចូរត្រាច់ទៅកាន់ មនុស្សលោក ហើយកត់យកឈ្មោះ និងគោត្ររបស់មនុស្សដែលធ្វើបុណ្យ មក ។ ស្តេចមហារាជទាំង ៤ នោះ ក៏ទៅបញ្ជាបរិវាររបស់ខ្លួនថា ទៅចុះ អ្នកទាំងឡាយ អ្នកចូរត្រាច់ទៅកាន់មនុស្សលោក ចារិកឈ្មោះ និងគោត្រ របស់មនុស្សដែលធ្វើបុណ្យក្នុងដំបារមាស ហើយនាំមកចុះ ។ បរិវារទាំងនោះ ធ្វើតាមពាក្យបញ្ជា ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា ឥមំ លោកំ អនុវិចរន្តិ ដូច្នេះ ។ បទថា កច្ចិ ពហូ ជាដើម ព្រះមានព្រះភាគ ត្រាស់ដើម្បីសម្តែងអាការពិនិត្យមើល របស់ទេវតាទាំងនោះ ។ ពិតហើយ ទេវតាទាំងឡាយ ត្រាច់ទៅពិនិត្យមើល ដោយអាការដូចពណ៌នាមកនេះ ។ បណ្តាបទទាំងនោះ បទថា ឧបេសថំ ឧបវសន្តិ សេចក្តីថា មនុស្ស ទាំងឡាយអធិដ្ឋានអង្គឧបោសថមួយ ១ ខែ ៨ ដង ។ បទថា បដិជាគរោន្តិ សេចក្តីថា ធ្វើការរក្សាបដិជាគរឧបោសថ ។ ជនទាំងឡាយ កាលធ្វើការរក្សា បដិជាគរឧបោសថនោះ រមែងធ្វើដោយការទទួល និងការបញ្ជូនថ្ងៃឧបោសថ ៤ ថ្ងៃ ក្នុងកន្លះខែ គឺកាលទទួលឧបោសថថ្ងៃ ៥ កើត ៥ រោច ក៏ត្រូវរក្សា ឧបោសថ ក្នុងថ្ងៃ ៤ កើត ៤ រោច កាលនឹងបញ្ជូនឧបោសថ ក៏បញ្ជូនក្នុង ថ្ងៃ ៦ កើត ៦ រោច ។