អដ្ឋកថាសុខុមាលសូត្រទី ៩ ្ប មានពោលពុទ្ធប្បវត្តិ ្ទ
គប្បីជ្រាបវិនិច្ឆ័យក្នុងសុខុមាលសូត្រទី ៩ ដូច្នេះ បទថា សុខុមាលោ គឺតថាគតជាអ្នកមិនមានទុក្ខ ។ បទថា បរមសុខុមាលោ គឺជា អ្នកមិនមានទុក្ខក្រៃលែង ។ បទថា អច្ចន្តសុខុមាលោ គឺជាអ្នកមិនមានទុក្ខ សព្វកាល ។ ព្រះមានព្រះភាគត្រាស់ពាក្យនេះ ព្រោះទ្រង់សំដៅដល់ទ្រង់ មិនមានទុក្ខ រាប់តាំងអំពីទ្រង់កើតក្នុងក្រុងកបិលពស្តុ ។ តែក្នុងកាលដែល ទ្រង់បំពេញទុក្ករកិរិយា ទុក្ខដែលទ្រង់សោយមិនមានទីបំផុត ។ បទថា ឯកត្ថ គឺក្នុងស្រះបោក្ខរណីមួយកន្លែង ។ បទថា ឧប្បលំ វប្បតិ សេចក្តីថា គេដាំឧប្បលខៀវ ។ ស្រះបោក្ខរណីនោះ ដេរដាសដោយ ព្រៃឧប្បលខៀវ ។ បទថា បទុមំ បានដល់ ឈូកស ។ បទថា បុណ្ឌរិកំ បានដល់ ឈូកក្រហម ។ ស្រះបោក្ខរណីទាំង ២ ក្រៅអំពីនេះ ដេរដាស ទៅដោយឈូកស និងឈូកក្រហម ដូចពណ៌នាមកនេះ ។ បានឮមកថា ក្នុងកាលដែលព្រះពោធិសត្វ មានព្រះជន្មបាន ៧-៨ វស្សា ព្រះរាជាសុទ្ធោទនៈត្រាស់សួរអមាត្យទាំងឡាយថា ពួកកុមារតូចៗ ចូលចិត្ត លេងកីឡាប្រភេទណា អមាត្យទាំងឡាយក្រាបទូលថា ចូលចិត្តលេងទឹក ។ បន្ទាប់អំពីនោះ ព្រះរាជាបញ្ជាឲ្យព្រះប្រជុំកម្មករ ជីកដីហើយ ឲ្យជ្រើសរើស យកទីសម្រាប់សាងស្រះបោក្ខរណី ។ វេលានោះ សក្កទេវរាជទ្រង់ពិចារណាមើល ទ្រង់ជ្រាបកិច្ចប្រព្រឹត្តទៅ ហើយទ្រង់ព្រះតម្រិះថា គ្រឿងប្រើប្រាស់របស់មនុស្ស មិនសមគួរដល់ព្រះ ពោធិសត្វឡើយ គ្រឿងប្រើប្រាស់ជាទិព្វ ទើបសមគួរ ដូច្នេះហើយ ត្រាស់ ហៅវិស្សកម្មទេវបុត្រមក ត្រាស់ថា ទៅចុះបា ចូរបាធ្វើស្រះបោក្ខរណីក្នុងទី លានសម្រាប់លេងរបស់ព្រះមហាសត្វ ។ វិស្សកម្មទេវបុត្រទូលសួរថា ស្រះ នោះមានលក្ខណៈដូចម្តេច ។