អដ្ឋកថាអធិបតេយ្យសូត្រទី ១០

ក្បាលទី 26 · ទំព័រ 676

បទថា ព្រហ្មចរិយប្បរាយនោ សេចក្តីថា តថាគតក្លាយជា បុគ្គលដែលមានមគ្គព្រហ្មចរិយៈជាទីទៅខាងមុខហើយ ។ ព្រះមានព្រះភាគ ត្រាស់ដល់សេចក្តីព្យាយាម ដែលជាហេតុឲ្យព្រះអង្គ បានសម្រេចលើបល្ល័ង្ក ក្រោមពោធិព្រឹក្ស ដោយគាថាទាំងនេះដូចពោលមក ដូច្នេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងអធិបតេយ្យសូត្រទី ១០ ដូច្នេះ អធិបតេយ្យ ដែលកើតអំពីហេតុដែលសំខាន់បំផុត ឈ្មោះថា អធិបតេយ្យ ។ ក្នុងបទថា អត្តាធិបតេយ្យំ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូចតទៅ គុណជាតិដែលកើតដោយធ្វើខ្លួនឲ្យជាធំ ឈ្មោះថា អត្តាធិបតេយ្យ គុណជាតិដែលកើតដោយធ្វើលោកឲ្យជាធំ ឈ្មោះថា លោកាធិបតេយ្យ គុណជាតិដែលកើតដោយធ្វើលោកុត្តរធម៌ឲ្យជាធំ ឈ្មោះថា ធម្មាធិបតេយ្យ ។ បទថា ឥតិ ភវោ ក្នុងពាក្យថា ន ឥតិភវាភវហេតុ សំដៅដល់ខាងក្នុង អនាគតយ៉ាងនេះ គឺតថាគតចេញបួសជាអនាគារិក មិនមែនព្រោះហេតុ នៃភពក្នុងអនាគតនោះ មិនមែនព្រោះហេតុនៃបច្ចុប្បន្នភពនោះ ។ បទថា ឱតិណ្ណោ គឺជ្រែកចូល ។ ជាតិជ្រែកចូលខាងក្នុងនៃបុគ្គលណា បុគ្គលនោះ ឈ្មោះថា ត្រូវជាតិគ្របសង្កត់ ។ ក្នុងជរាជាដើមក៏មានន័យនេះឯង ។ បទថា កេវលស្ស ទុក្ខក្ខន្ធស្ស បានដល់ កងវដ្តទុក្ខទាំងអស់ ។ បទថា អន្តកិរិយា បញ្ញាយេថ សេចក្តីថា ធ្វើទីបំផុត គឺធ្វើផ្លូវជុំវិញឲ្យដាច់គប្បីប្រាកដ ។ បទថា ឱហាយ ប្រែថា លះ ។ បទថា បបិដ្ឋតរេ ប្រែថា ថោកទាបជាង ។ បទថា អារទ្ធំ សេចក្តីថា សេចក្តីព្យាយាមដែលផ្គងទុកហើយ គឺឲ្យ បរិបូណ៌ហើយ និងឈ្មោះថា មិនរួញរា ព្រោះផ្តើមហើយ ។ បទថា ឧបដ្ឋិតា សេចក្តីថា សតិ ឈ្មោះថា តាំងមាំ និងមិនវង្វេង ព្រោះតាំងមាំដោយអំណាច សតិប្បដ្ឋាន ៤ ។