រឿងបាដលិបុត្តកព្រាហ្មណ៍
គប្បីជ្រាបវិនិច្ឆ័យក្នុងឋានសូត្រទី ២ ដូចតទៅនេះ បទថា វិគតមលមច្ឆេរេន សេចក្តីថា ប្រាសចាកមន្ទិល គឺសេចក្តីកំណាញ់ ។ បទថា មុត្តច្ចាគោ សេចក្តីថា មានការលះដោយមិនជាប់ជំពាក់ ។ បទថា បយតបណី សេចក្តីថា មានដៃលាងហើយ អធិប្បាយថា បុគ្គលមិនមាន សទ្ធា ទោះបីលាងដៃ ៧ ដង ក៏ឈ្មោះថា មានដៃប្រឡាក់នោះ តែបុគ្គល មានសទ្ធា ឈ្មោះថា មានដៃលាងស្អាតហើយ ព្រោះត្រេកអរក្រៃលែងហើយ ក្នុងទាន ។ បទថា វោស្សគ្គរតោ សេចក្តីថា ត្រេកអរហើយក្នុងទាន ពោលគឺ ការលះបង់ ។ បទថា យាចយោគោ សេចក្តីថា សមគួរឲ្យសូម ។ ម្យ៉ាងទៀត ឈ្មោះថា យាចយោគោ ព្រោះមានអត្ថសមជាមួយយាចកទាំងឡាយ ក៏មាន ។ បទថា ទានសំវិភាគរតោ សេចក្តីថា កាលឲ្យទានក្តី កាលធ្វើ ការចែករំលែកក្តី រមែងជាបុគ្គល ឈ្មោះថា ត្រេកអរក្នុងទាន និងការចែករំលែក ។ បទថា ទស្សនកាមោ សីលវតំ សេចក្តីថា មានបំណងនឹងជួបបុគ្គល ទ្រទ្រង់សីល ១០ យោជន៍ក៏ទៅ ២០ យោជន៍ក៏ទៅ ៣០ យោជន៍ក៏ទៅ ១០០ យោជន៍ក៏ទៅ ដូចបាដលិបុត្តកព្រាហ្មណ៍ និងព្រះបាទសទ្ធាតិស្សមហារាជ ។ រឿង បដលិបុត្តកព្រាហ្មណ៍ បានឮមកថា ជិតទ្វារព្រះនគរបាដលិបុត្រ មានព្រាហ្មណ៍ ២ នាក់ បានឮកិត្តិគុណរបស់ព្រះមហានាគត្ថេរ ដែលនៅក្នុងកាលវល្លិមណ្ឌប គិតគ្នា ថា យើងពីរនាក់ គួរទៅរកភិក្ខុនោះ ដូច្នេះ ទើបជនទាំង ២ ចេញអំពីព្រះនគរ ។ ព្រាហ្មណ៍ម្នាក់អស់អាយុក្នុងចន្លោះផ្លូវ ម្នាក់ទៀតទៅដល់ច្រាំង សមុទ្រ ចុះសំពៅត្រង់កំពង់មហាតិដ្ឋៈ មកកាន់អនុរាធបុរី ហើយសួរថា កាលវល្លិមណ្ឌបនៅទីណា បានទទួលចម្លើយថា ត្រង់រោហណជនបទ ចូលទៅ ដល់លំនៅរបស់ព្រះថេរៈតាមលំដាប់ កាន់យកទីសម្រាកក្នុងផ្ទះ ប្រកប ធុរកិច្ចក្បែរចូឡនគរគាម បានចម្អិនអាហារប្រគេនព្រះថេរ