រឿងព្រះបាទសទ្ធាតិស្សមហារាជ

ក្បាលទី 26 · ទំព័រ 692

ព្រះបាទសទ្ធាតិស្សមហារាជត្រាស់សួរថា បពិត្រលោកម្ចាស់ សូម លោកម្ចាស់ប្រាប់លោកម្ចាស់មួយរូប ដែលសមគួរញោមនឹងក្រាបថ្វាយបង្គំ ។ ភិក្ខុទាំងឡាយថ្វាយព្រះពរថា លោកម្ចាស់កុជ្ជតិស្សត្ថេរ ជាអ្នកនៅក្នុង មង្គលារាម ព្រះរាជា ព្រមដោយបរិវារដ៏ច្រើន បានយាងទៅអស់ចម្ងាយផ្លូវ ៥ យោជន៍ ។ ព្រះថេរៈសួរភិក្ខុសង្ឃថា នុ៎ះសំឡេងអ្វី ។ ភិក្ខុសង្ឃប្រាប់ថា ព្រះរាជាយាងមកដើម្បីនមស្ការលោកម្ចាស់ ។ ព្រះថេរៈគិតថា នឹងមាន ការងារអ្វីក្នុងរាជវាំង ក្នុងវេលាដែលអាត្មាអញចាស់ជរា ទើបសិងលើគ្រែ ក្នុងទីសម្រាកពេលថ្ងៃ ហើយក្រោកឡើង ទៅគូសគំនូសទៅមកៗ លើផែនដី ។ ព្រះរាជាត្រាស់ថា ព្រះថេរៈទៅណា ។ ទ្រង់បានឮថា ព្រះថេរៈសិង ក្នុងទីសម្រាកពេលថ្ងៃ ទើបយាងទៅទីនោះ ឃើញព្រះថេរៈកំពុងគូសផែនដី ទ្រង់ព្រះតម្រិះថា ធម្មតាព្រះខីណាស្រព មិនរពិសដៃ លោកម្ចាស់អង្គនេះ មិនមែនព្រះខីណាស្រពឡើយ ទើបទ្រង់មិនថ្វាយបង្គំ ហើយយាងត្រឡប់ ទៅ ។ ភិក្ខុសង្ឃសួរព្រះថេរៈថា បពិត្រលោកម្ចាស់ ហេតុអ្វី ទើបលោក ម្ចាស់ញ៉ាំងនូវការក្តៅក្រហាយដល់ព្រះរាជា ដែលជាអ្នកមានសទ្ធាជ្រះថ្លា យ៉ាងនេះ ។ ព្រះថេរៈពោលថា អើ អាវុសោទាំងឡាយ ការរក្សាព្រះរាជសទ្ធា មិនមែនជាកិច្ចរបស់អ្នកទាំងឡាយ តែជាកិច្ចរបស់ព្រះថេរៈចាស់ ។ ក្នុងកាលតមក កាលទៀបបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ទើប ពោលនឹងភិក្ខុសង្ឃថា អ្នកទាំងឡាយ ចូរក្រាលបល្ល័ង្កដទៃ លើកូដាគារ សម្រាប់ខ្ញុំ កាលភិក្ខុសង្ឃក្រាលបល្ល័ង្កហើយ ព្រះថេរៈអធិដ្ឋានថា ក្នុងចន្លោះ