អដ្ឋកថាបណ្ឌិតសូត្រទី ៥

ក្បាលទី 26 · ទំព័រ 699

គប្បីជ្រាបវិនិច្ឆ័យក្នុងបណ្ឌិតសូត្រទី ៥ ដូចតទៅនេះ បទថា បណ្ឌិតប្បញ្ញត្តានិ សេចក្តីថា បណ្ឌិតទាំងឡាយបញ្ញត្ត គឺពោល បានដល់ សរសើរហើយ ។ បទថា សប្បុរិសប្បញ្ញត្តានិ សេចក្តីថា ដែលសប្បុរស ទាំងឡាយ គឺមហាបុរសទាំងឡាយបញ្ញត្តហើយ គឺពោលហើយ បានដល់ សរសើរហើយ ។ ករុណាក្តី ធម៌ដែលជាខាងដើមនៃករុណាក្តី ឈ្មោះថា អហិង្សា ។ ការសង្រួមក្នុងសីល ឈ្មោះថា សញ្ញម ។ ការសង្រួមឥន្ទ្រិយ ឬការទូន្មាន ខ្លួនដោយឧបោសថ ឈ្មោះថា ទម ។ ក្នុងបុណ្ណោវាទសូត្រ ទ្រង់ត្រាស់ហៅ ខន្តីថា ទម ។ សូម្បីបញ្ញាដែលត្រាស់ក្នុងអាឡវកសូត្រ ក៏សមក្នុងព្រះសូត្រ នេះដូចគ្នា ។ ការរក្សាបីបាច់ ប្រណិប័តន៍មាតាបិតា ឈ្មោះថា ការបម្រើមាតាបិតា ។ បទថា សន្តានំ សេចក្តីថា ក្នុងសូត្រដទៃ ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះអរិយ ាវ័កទាំងឡាយ ឈ្មោះថា សប្បុរស តែក្នុងសូត្រនេះ ទ្រង់បំណង យកបុគ្គលដែលចិញ្ចឹមមាតាបិតា ។ ព្រោះហេតុនោះ ទើបបុគ្គលទាំងនោះ ឈ្មោះថា សប្បុរស ដោយអត្ថថា ឧត្តុង្គឧត្តម ឈ្មោះថា ព្រហ្មចារី ព្រោះ អត្ថថា ប្រព្រឹត្តប្រសើរបំផុត ។ ការបម្រើមាតាបិតានេះ សប្បុរសទាំងឡាយ បញ្ញត្តហើយ គប្បីជ្រាបអត្ថក្នុងរឿងនេះដូចពណ៌នាមកនេះឯង ។ បទថា សតំ ឯតានិ ឋានានិ សេចក្តីថា សេចក្តីនេះជាឋានៈ គឺជា ហេតុនៃសប្បុរសទាំងឡាយ ។ បុគ្គលប្រសើរផង ដល់ព្រមដោយទស្សនៈ ផង ព្រោះហេតុ ៣ ស្ថាននេះឯង គប្បីជ្រាបថា ជាអរិយៈ និងដល់ព្រម ដោយការឃើញក្នុងព្រះសូត្រនេះ មិនមែនព្រះពុទ្ធជាដើម និងមិនមែនជាព្រះ សោតាបន្ន ។