អដ្ឋកថាសីលសូត្រទី ៦

ក្បាលទី 26 · ទំព័រ 701

គប្បីជ្រាបវិនិច្ឆ័យក្នុងសីលសូត្រទី ៦ ដូចតទៅនេះ បទថា តីហិ ឋានេហិ សេចក្តីថា ដោយឋានៈ ៣ យ៉ាង ។ ក្នុងបទថា កាយេន ជាដើម មានអធិប្បាយថា មនុស្សទាំងឡាយឃើញភិក្ខុទាំងឡាយដើរមក ធ្វើនូវការទទួល កាលទៅក៏តាមជូនទៅ ធ្វើការគក់ច្របាច់ និងលាបដោយ ប្រេងជាដើម ក្រាលអាសនៈលើអាសនៈសាលា តម្កល់ទឹកផឹក ឈ្មោះថា រមែងបានបុណ្យដោយកាយ ។ មនុស្សទាំងឡាយ ឃើញភិក្ខុសង្ឃ កំពុងនិមន្តបិណ្ឌបាត កាលពោល ពាក្យជាដើមថា អ្នកទាំងឡាយ ចូរប្រគេនយាគូ បាយ សប្បិ និងនវនីត ជាដើម ចូរបូជាដោយគ្រឿងក្រអូប និងផ្កាជាដើម ចូររក្សាឧបោសថ ចូរស្តាប់ ធម៌ ចូរថ្វាយបង្គំព្រះចេតិយចុះ ដូច្នេះ ឈ្មោះថា បានបុណ្យដោយវាចា ។ មនុស្សទាំងឡាយឃើញភិក្ខុទាំងឡាយ កំពុងត្រាច់បិណ្ឌបាត គ្រាគិត ថា សូមឲ្យអ្នកស្រុកថ្វាយទានចុះ ដូច្នេះ ឈ្មោះថា បានបុណ្យដោយចិត្ត ។ បទថា បសវន្តិ ប្រែថា បានចំពោះ ។ ក្នុងព្រះសូត្រនេះ ទ្រង់ត្រាស់ ដល់បុណ្យដែលលាយដោយលោកិយ និងលោកុត្តរ ។