អដ្ឋកថាសង្ខតសូត្រទី ៧
គប្បីជ្រាបវិនិច្ឆ័យក្នុងសង្ខតសូត្រទី ៧ ដូចតទៅនេះ បទថា សង្ខតស្ស សេចក្តីថា ដែលបច្ច័យទាំងឡាយប្រជុំតាក់តែង ។ គ្រឿង សម្គាល់ដែលជាហេតុឲ្យស្គាល់ថា វត្ថុនេះ ត្រូវបច្ច័យតាក់តែងហើយ ឈ្មោះ ថា សង្ខតលក្ខណ ។ បទថា ឧប្បាទោ បានដល់ ការកើត ។ ការបែកធ្លាយ ឈ្មោះថា វយោ ។ ការចាស់ ឈ្មោះថា ឋិតស្ស អញ្ញថត្តំ ។ ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ឈ្មោះថា សង្ខតំ ក្នុងបទថា សង្ខតស្ស នោះ ។ តែមគ្គផល ព្រះមានព្រះភាគមិនត្រាស់ក្នុងសូត្រនេះ ព្រោះមិនចូល ដល់ការពិចារណា ។ ការកើតឡើងជាដើម ឈ្មោះថា សង្ខតលក្ខណ បណ្តាលក្ខណៈទាំង ៣ នោះ ការកើតឡើង មានក្នុងឧប្បាទក្ខណៈ ។ ការ ចាស់មានក្នុងខណៈដែលតាំងនៅ គឺឋិតិក្ខណៈ ការវិនាសមានក្នុងភង្គក្ខណៈ ។ លក្ខណៈ មិនមែនសង្ខតៈ សង្ខតៈ មិនមែនលក្ខណៈ ។ តែវត្ថុដែលជា សង្ខតៈ ត្រូវកំណត់ដោយលក្ខណៈ ។ លក្ខណៈនៃដំរី សេះ គោ និងក្របី ជាដើម ដែលជាហេតុឲ្យចាំបាន ដោយសញ្ញា ដូចជារូប ចម្រូង លំពែង ជាដើម មិនមែនជាដំរី សូម្បីដំរីជាដើម ក៏មិនមែនលក្ខណៈដូចគ្នា តែដំរី សេះ គោ និងក្របីជាដើមនោះ គេស្គាល់ថា ជាដំរីរបស់បុគ្គលនោះ សេះនៃ បុគ្គលនោះ ឬដំរី ឈ្មោះនោះ សេះឈ្មោះនោះ ក៏ដោយលក្ខណៈ ទាំងឡាយឯណា ការឧបមេយ្យនេះ ក៏គប្បីជ្រាបដូច្នោះ ។