អដ្ឋកថាបលោភសូត្រ

ក្បាលទី 27 · ទំព័រ 20

គប្បីជ្រាបវិនិច្ឆ័យក្នុងបលោភសូត្រទី ៦ ដូចតទៅនេះ បទថា អាចរិប្បាចរិយានំ សេចក្តីថា អាចារ្យទាំងឡាយក្តី អាចារ្យនៃអាចារ្យ ទាំងឡាយក្តី ។ បទថា អវីចិ មញ្ញេ ផុដ្ឋោ ហោតិ សេចក្តីថា ពេញទៅ ដោយមនុស្សទាំងឡាយ ដូចអវីចីមហានរកដែលសត្វពាល់ត្រូវហើយ គឺពេញ ទៅដោយពពួកសត្វនរកជានិច្ចនិរន្តរ ។ បទថា កុក្កុដសម្បាតិកា សេចក្តី ថា ការហើរធ្លាក់របស់មាន់ ពោល គឺការដែលមាន់ហើរទៅអំពីដំបូលរបស់ ផ្ទះមួយ ទៅធ្លាក់ត្រង់ដំបូលផ្ទះមួយទៀត មាននៅក្នុងភូមិទាំងនេះ ព្រោះហេតុ នោះ ទើបផ្ទះទាំងនោះ ឈ្មោះថា កុក្កុដសម្បាតិក ប្រែថា មាននៅរយៈ ចម្ងាយមាន់ហើរធ្លាក់ ។ បាឋៈថា កុក្កុដសម្បាទិកា ក៏មាន អធិប្បាយថា ការធ្លាក់របស់មាន់ ពោល គឺការឈានដើរទៅរបស់មាន់អំពីចន្លោះភូមិទៅកាន់ ចន្លោះភូមិ មាននៅក្នុងភូមិទាំងនោះ ។ បទទាំង ២ នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងដល់ការនៅជាមួយគ្នាយ៉ាងកុះករនោះឯង ។ បទថា អធម្មរាគរត្តា សេចក្តីថា រាគៈ ជាអធម៌ដោយចំណែកមួយបុណ្ណោះ តែរាគៈដែល កើតឡើងក្នុងបរិក្ខាររបស់ខ្លួន ជាអធម្មរាគៈឡើយ រាគៈដែលកើតឡើងក្នុងបរិក្ខាររបស់អ្នកដទៃ ទើបទ្រង់បំណងយកថា ជា អធម្មរាគៈ ។ បទថា វិសមលោភាភិភូតា សេចក្តីថា ឈ្មោះថា លោភៈ នឹងមាន កាលស្មើមិនមាន ។ លោភៈនេះមិនស្មើដោយចំណែកមួយបុណ្ណោះ តែកាល កើតឡើងក្នុងវត្ថុដែលខ្លួនហួងហែង ឈ្មោះថា សមលោភ ដែលកើតឡើង ក្នុងវត្ថុដែលអ្នកដទៃហួងហែងបុណ្ណោះ ទ្រង់បំណងយកថា វិសមលោភ ។ បទថា មិច្ឆាធម្មបរេតា សេចក្តីថា ប្រកបដោយធម៌ចំណែកខុស ពោល គឺ ការសេពវត្ថុដែលមិនមែនវត្ថុ ។