អដ្ឋកថាជប្បសូត្រ

ក្បាលទី 27 · ទំព័រ 26

គប្បីជ្រាបវិនិច្ឆ័យក្នុងជប្បសូត្រទី ៧ ដូច្នេះ បទថា មហប្ផលំ ប្រែថា មានផលច្រើន ។ ក្នុងបទថា ធម្មស្ស ច អនុធម្មំ ព្យាករោន្តិ នេះ គប្បីជ្រាបអធិប្បាយដូចតទៅនេះថា វាចាដែលព្រះមានព្រះភាគត្រាស់ហើយ ឈ្មោះថា ព្រះធម៌ ការត្រាស់បទបន្តបន្ទាប់ និងបទដែលត្រាស់ហើយ ឈ្មោះថា អនុធម៌ ។ បទថា សហធម្មិកោ បានដល់ ព្រមដោយការណ៍ ព្រមដោយហេតុ ។ ការកាន់តាម គឺការអនុលោមតាម អធិប្បាយថា ការប្រព្រឹត្តតាមវាចា ឈ្មោះ ថា វាទានុបត ។ បទថា គារយ្ហំ ឋានំ បានដល់ ហេតុដែលគួរនិន្ទា ។ លោកអធិប្បាយថា ការអនុលោមតាមពាក្យដែលមានហេតុផល ដែលព្រះគោតម ដ៏ចម្រើនត្រាស់ហើយ មិនគួរដល់ហេតុដែលគួរតិះដៀលណាមួយ ឡើយ ។ ម្យ៉ាងទៀត ព្រាហ្មណ៍សួរថា ការអនុលោមតាមព្រឹត្តិការណ៍ របស់វាទៈ ដែលមានហេតុ ដែលបុគ្គលទាំងនោះពោលហើយ និងដល់ហេតុ ដែលគួរតិះដៀលណាមួយមិនមាន ។ បទថា អន្តរាយករោ ហោតិ សេចក្តីថា ធ្វើនូវអន្តរាយ គឺការវិនាស គឺឲ្យបានទួលសេចក្តីលំបាក បានដល់ ឲ្យកើតការក្តៅក្រហាយ ។ បទថា បរិបន្ថិកោ បានដល់ ចោរដែលរាយគ្នាចាំប្លន់អ្នកដើរផ្លូវ ។ បទថា ខតោ ច ហោតិ បានដល់ ត្រូវជីក ដោយគាស់រម្លើងនូវគុណចោលទៅ ។ បទថា ឧបហតោ បានដល់ ត្រូវកម្ចាត់ដោយការទម្លាយនូវគុណ ។ បទថា ចន្ទនិកាយ បានដល់ ក្នុងអណ្តូងភក់ដែលមិនស្អាត ។ បទថា ឱឡិគ្គល្លេ បានដល់ លូដែលមិនទាន់លាងភក់ ។ បទថា សោ ច បានដល់ ព្រះខីណាស្រព ដែលលោកពោលថា ជាអ្នកមានសីលនោះ ។ បទថា សីលក្ខន្ធេន ប្រែថា ដោយគំនរសីល ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បច្ចវេក្ខណញ្ញាណ ព្រះមានព្រះភាគត្រាស់ហៅថា វិមុត្តិញ្ញាណទស្សនៈ ក្នុង ពាក្យថា វិមុត្តិញ្ញាណទស្សនក្ខន្ធេន នេះ ។ បច្ចវេក្ខណញ្ញាណន