អដ្ឋកថាតិកណ្ណសូត្រ

ក្បាលទី 27 · ទំព័រ 36

គប្បីជ្រាបវិនិច្ឆ័យក្នុងតិកណ្ណសូត្រទី ៨ ដូចតទៅនេះ បទថា តិកណ្ណោ ជាឈ្មោះរបស់ព្រាហ្មណ៍នោះ ។ បទថា ឧបសង្កមិ សេចក្តីថា ព្រាហ្មណ៍គិតថា បានឮថា ព្រះសមណគោតមជាបណ្ឌិត អញនឹងទៅសម្នាក់ របស់លោក ដូច្នេះ បរិភោគអាហារព្រឹកហើយ មានមហាជនចោមរោម ចូលទៅគាល់ព្រះមានព្រះភាគ ។ បទថា ភគវតោ សម្មុខា សេចក្តីថា អង្គុយខាងមុខព្រះទសពល ។ បទថា វណ្ណំ ភាសតិ សេចក្តីថា សួរថា ព្រោះហេតុអ្វី ទើបពោល សរសើរ ឆ្លើយថា បានឮថា មុននេះ ព្រាហ្មណ៍នោះមិនធ្លាប់ទៅកាន់សម្នាក់ របស់ព្រះទសពលឡើយ ទើបព្រាហ្មណ៍មានការគិតយ៉ាងនេះថា ធម្មតាព្រះ សម្ពុទ្ធទាំងឡាយ ចូលគាល់បានលំបាក អញទូលមុនហើយ ទោះត្រាស់ ឬ មិនត្រាស់ក៏បាន បើទ្រង់មិនត្រាស់ពេលនោះ មនុស្សទាំងឡាយនឹងពោលថា អាត្មាអញជាអ្នកពោលក្នុងសមាគមយ៉ាងនេះថា ហេតុអ្វី ទើបអ្នកពោលក្នុង ទីនេះ ព្រោះថា លោកមិនទៅកាន់សម្នាក់របស់ព្រះគោតម ហើយក៏មិនទាន់ បានត្រឹមតែការត្រាស់ដែរ ព្រោះហេតុនោះ ព្រាហ្មណ៍កាលសម្គាល់ថា អញ នឹងផុតពាក្យនិន្ទាទៅបាន ដោយឧបាយយ៉ាងនេះ ទើបទូលឡើង ព្រាហ្មណ៍ ពោលសរសើរព្រាហ្មណ៍ទាំងឡាយក៏ពិត តែពោលដល់វិជ្ជា ៣ ដោយបំណង តែម្យ៉ាងថា អាត្មាអញនឹងសាកល្បងព្រះញាណរបស់ព្រះតថាគត ។ បទថា ឯវម្បិ តេវិជ្ជា ព្រាហ្មណា សេចក្តីថា ព្រាហ្មណ៍ដែលទ្រទ្រង់ វិជ្ជា ៣ ជាបណ្ឌិតយ៉ាងនេះ គឺជាអ្នកប្រាជ្ញយ៉ាងនេះ ជាអ្នកឈ្លាសយ៉ាងនេះ ជាពហូសូតយ៉ាងនេះ ជាអ្នកមានប្រក្រតីពោលយ៉ាងនេះ អធិប្បាយថា ជា អ្នកបានទទួលសម្បត្តិយ៉ាងនេះ ។ បទថា ឥតិបិ ព្រះមានព្រះភាគទ្រង់ សម្តែងការកំណត់អាការរបស់បណ្ឌិតជាដើម នៃព្រាហ្មណ៍ទាំងនោះ ។