ភយសូត្រទី ២

ក្បាលទី 27 · ទំព័រ 107

ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនមិនចេះដឹង រមែងពោលថា អមាតាបុត្តិកភ័យ ( ភ័យដែលមាតាមិនបានឃើញបុត្រ បុត្រមិនបានឃើញ មាតា ) នេះមាន ៣ យ៉ាង ។ ភ័យ ៣ យ៉ាងដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ សម័យដែលមានកម្តៅភ្លើងធំតាំងឡើង ។ ម្នាលភិក្ខុទាំងឡាយ កាលបើ កម្តៅភ្លើងធំតាំងឡើងហើយ អ្នកស្រុកក៏ក្តៅ អ្នកនិគមក៏ក្តៅ អ្នកនគរក៏ក្តៅ ដោយភ្លើងនោះ កាលបើអ្នកស្រុកក្តៅ អ្នកនិគមក្តៅ អ្នកនគរក្តៅ មាតា ក៏មិនបានឃើញកូន ទាំងកូនក៏មិនបានឃើញមាតា ក្នុងកាលដែលអគ្គិភ័យ កើតឡើងនោះ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងពោលថា នេះជាអមាតាបុត្តិកភ័យទី ១ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សម័យ ដែលមហាមេឃតាំងឡើង គឺបង្អុរភ្លៀងឲ្យធ្លាក់ចុះ ។ ម្នាលភិក្ខុទាំងឡាយ កាលបើមហាមេឃបង្អុរភ្លៀងធ្លាក់ចុះ អន្លង់ទឹកធំរមែងកើតព្រម កាលបើ ជំនន់ធំកើតព្រមហើយ អ្នកស្រុករមែងរសាត់ទៅ អ្នកនិគមរមែងរសាត់ទៅ អ្នកនគររមែងរសាត់ទៅដោយទឹកនោះ កាលបើអ្នកស្រុករសាត់ទៅ អ្នកនិគម រសាត់ទៅ អ្នកនគររសាត់ទៅ មាតាក៏មិនបានឃើញកូន ទាំងកូនក៏មិន បានឃើញមាតាក្នុងពេលដែលឧទកភ័យកើតឡើងនុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែងពោលថា នេះជាអមាតាបុត្តិកភ័យទី ២ ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សម័យដែលមានអដវីសង្កោបភ័យ ( គឺ សេចក្តីកម្រើកចោរក្នុងដងព្រៃ ) នោះ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ ចក្កយានបរទៅ ។ ម្នាលភិក្ខុទាំងឡាយ កាលបើអដវីសង្កោបភ័យមានហើយ ពួកជនអ្នកជនបទនាំគ្នាឡើងកាន់ចក្កយានបរទៅ មាតាក៏មិនបានឃើញបុត្រ ទាំងបុត្រក៏មិនបានឃើញមាតា ក្នុងកាលដែលអដវីសង្កោបភ័យកើតឡើងនោះ។