អដ្ឋកថាវេនាគសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវេនាគសូត្រទី ៣ ដូចតទៅនេះ បទថា កោសលេសុ បានដល់ ក្នុងជនបទដែលមានឈ្មោះយ៉ាងនោះ ។ បទថា ចារិកំ ចរមានោ បានដល់ ព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដំណើរទៅកាន់ ផ្លូវឆ្ងាយ ។ ធម្មតាការយាងចារិករបស់ព្រះមានព្រះភាគមាន ២ យ៉ាង គឺការយាងចារិកដោយប្រញាប់ ១ ការយាងចារិកដោយមិនប្រញាប់ ១ ។ បណ្តាការយាងចារិក ២ យ៉ាងនោះ ការដែលព្រះមានព្រះភាគ ទ្រង់ឃើញ បុគ្គលដែលគួរណែនាំឲ្យដឹងបានក្នុងទីឆ្ងាយ ហើយទ្រង់ប្រញាប់ទៅដើម្បី ប្រយោជន៍ក្នុងការទូន្មានបុគ្គលនោះឲ្យដឹង ឈ្មោះថា ទ្រង់ចារិកដោយ ប្រញាប់ ។ ការដែលទ្រង់ចារិកប្រញាប់នោះ គប្បីឃើញក្នុងវេលាដែល ទ្រង់ទៅទទួលព្រះមហាកស្សបជាដើម ។ ចំណែកកាលដែលព្រះមានព្រះភាគ កាលទ្រង់អនុគ្រោះលោកដោយពុទ្ធកិច្ច មានការត្រាច់បិណ្ឌបាតជាដើម យាង ទៅតាមលំដាប់ស្រុក មួយថ្ងៃ ១ យោជន៍ ២ យោជន៍ ឈ្មោះថា ការយាង ចារិកដោយមិនប្រញាប់ ។ ព្រះមានព្រះភាគ ទ្រង់សំដៅយកការចារិកដោយ មិនប្រញាប់នេះ ទើបត្រាស់ពាក្យនេះថា ចារិកញ្ចរមានោ កថាពោលអំពី ការយាងចារិក បានពោលហើយដោយពិស្តារ ក្នុងអម្ពដ្ឋសុត្តវណ្ណនា ក្នុង អដ្ឋកថាទីឃនិកាយ ឈ្មោះសុមង្គលវិលាសិនី ។ បទថា ព្រាហ្មណគ្គាមោ សេចក្តីថា ស្រុកដែលព្រាហ្មណ៍ទាំងឡាយ មកសមោសជាមួយគ្នាក្តី ស្រុកដែលព្រាហ្មណ៍ទាំងឡាយ មកបរិភោគក្តី ហៅថា ស្រុកព្រាហ្មណ៍ ។ ក្នុងទីនេះ ស្រុកដែលព្រាហ្មណ៍ទាំងឡាយមក លេងសមោស បំណងយកថា ជាស្រុកព្រាហ្មណ៍ ។ បទថា តទវសរិ គឺយាងទៅក្នុងស្រុកព្រាហ្មណ៍នោះ អធិប្បាយថា យាងដល់ហើយ ។ ឯការ ប្រថាប់ នៅមិនបានកំណត់ ក្នុងទីនេះ ។