អដ្ឋកថាសរភសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសរភសូត្រទី ៤ ដូចតទៅនេះ បទថា រាជគហេ បានដល់ ក្នុងនគរមានឈ្មោះយ៉ាងនេះ ។ បទថា គិជ្ឈកូដេ បព្វតេ សេចក្តីថា ភ្នំនោះមានកំពូលដូចសត្វត្មាត ម្យ៉ាងទៀត ឈ្មោះថា គិជ្ឈកូដ ព្រោះសត្វត្មាតនៅលើកំពូលរបស់ភ្នំនោះ ។ ទ្រង់គង់ត្រង់ភ្នំគិជ្ឈកូដនោះ ។ ដោយបទថា គិជ្ឈកូដេ នេះ លោកសម្តែងដល់ទីប្រថាប់ របស់ព្រះមានព្រះភាគ ដែលទ្រង់នៅប្រថាប់ ដោយយកក្រុងរាជគ្រឹះជា គោចរគាម ។ អធិប្បាយថា មហាជនសាងវិហារថ្វាយព្រះតថាគតលើភ្នំ គិជ្ឈកូដ ដូច្នោះ ពាក្យថា គិជ្ឈកូដ វិហារោ ទើបជាឈ្មោះរបស់វិហារនោះ ក្នុងសម័យនោះ បរិព្វាជក ឈ្មោះថា សរភៈនេះនៅក្នុងទីនោះ ដូច្នេះឯង ។ បទថា សរភោ នាម បរិព្វាជកោ អចិរប្បក្កន្តោ ហោតិ សេចក្តីថា បរិព្វាជកមានឈ្មោះយ៉ាងនេះថា សរភៈ បួសហើយក្នុងសាសនានេះ មិនយូរ ក៏ឃ្លាតចេញទៅ អធិប្បាយថា មិនយូរក៏សឹក ។ ពិតហើយ កាលព្រះសម្មា- សម្ពុទ្ធទ្រង់កើតឡើងក្នុងលោក ពួកតិរ្ថិយនាំគ្នាសាបសូន្យលាភសក្ការៈ ។ លាភសក្ការៈជាច្រើនកើតឡើងដល់ព្រះរតនត្រ័យ ដូចព្រះធម្មសង្គាហកាចារ្យ ពោលថា សម័យនោះឯង ព្រះមានព្រះភាគ ជាបុគ្គលដែលជនទាំងឡាយ ធ្វើសក្ការៈ គោរព ឱនលំទោន បូជា កោតក្រែង ហើយជាអ្នកបានទទួល បរិក្ខារ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ចយភេសជ្ជៈ ឯអន្យតិរ្ថិយ និងបរិព្វាជកទាំងឡាយ មិនមានបុគ្គលធ្វើសក្ការៈ គោរពរាប់អាន បូជា និងធ្វើការកោតក្រែង មិនបានទទួលបរិក្ខារ គឺចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ច័យភេសជ្ជ ដូច្នេះ ។