កេសបុត្តសូត្រទី ៥

ក្បាលទី 27 · ទំព័រ 163

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចទៅកាន់ចារិក ក្នុង កោសលជនបទ ជាមួយនឹងភិក្ខុសង្ឃច្រើន ក៏បានទៅដល់និគមឈ្មោះកេសបុត្ររបស់ពួកក្សត្រិយ៍ ឈ្មោះកាលាមៈ ។ ពួកកាលាមក្សត្រិយ៍ នៅក្នុងកេសបុត្តនិគម បានឮដំណឹងហើយ ប្រកាសប្រាប់គ្នាថា ម្នាលគ្នាយើងដ៏ចម្រើន បានឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញពីសក្យត្រកូលបួសហើយ បានមកដល់កេសបុត្តនិគម កិត្តិសព្ទ សរសើរព្រះគោតមដ៏ចម្រើននោះឯង ពីរោះល្បីខ្ចរខ្ចាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាព្រះអរហន្ត ទ្រង់ត្រាស់ដឹងនូវធម៌ទាំងពួង ដោយព្រះអង្គឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ប្រសើរជាង សត្វលោក ទ្រង់ទូន្មាននូវបុរសដែលគួរទូន្មាន ជាសាស្តាចារ្យ នៃទេវតា និង មនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ទ្រង់លែងវិលត្រឡប់មក កាន់ភពថ្មីទៀត ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ដោយ បញ្ញាដ៏ឧត្តម ដោយព្រះអង្គឯង នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងពួកសមណព្រាហ្មណ៍ និងមនុស្សជា សម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ព្រះអង្គទ្រង់សម្តែង ធម៌ ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ព្រះអង្គប្រកាសនូវ ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏ពេញ បរិបូណ៌បរិសុទ្ធទាំងអស់ ក៏ដំណើរដែលបានឃើញ បានជួប នឹងព្រះអរហន្តទាំងឡាយ មានសភាព ដូច្នោះ ជាការប្រពៃពេកណាស់ ។ លំដាប់នោះ ពួកកាលាមក្សត្រិយ៍ នៅក្នុង កេសបុត្តនិគម បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ពួកខ្លះក៏ធ្វើ សេចក្តីរីករាយជាមួ