អដ្ឋកថាសាឡសូត្រ

ក្បាលទី 27 · ទំព័រ 186

គប្បីជ្រាបវិនិច្ឆ័យក្នុងសាឡ្ហសូត្រទី ៦ ដូចតទៅនេះ បទថា មិគារនត្តា ប្រែថា ជាចៅរបស់មិគារសេដ្ឋី ។ បទថា បេខុណិយនត្តា ប្រែថា ជាចៅរបស់បេខុណិយសេដ្ឋី ។ បទថា ឧបសង្កមឹសុ សេចក្តីថា ចៅទាំង ២ បរិភោគអាហារព្រឹកហើយ មានទាសៈ និងកម្មករចោមរោម ចូលទៅរកហើយ ។ បានឮថា ពេលព្រឹកមុនអាហារ ត្រង់ផ្ទះនៃចៅសេដ្ឋី ទាំង ២ នោះតាំងប្រស្នា ១ តែមិនមានឱកាសដែលស្រាយបញ្ញានោះបាន ។ ជនទាំង ២ គិតថា អញនឹងស្តាប់បញ្ញានោះ ទើបទៅកាន់សម្នាក់របស់ព្រះថេរៈ ថ្វាយបង្គំហើយ អង្គុយជាតុណ្ហីភាព ។ ព្រះថេរៈដឹងចិត្តរបស់បុគ្គលទាំងនោះថា ជនទាំងនោះមកដើម្បីស្តាប់ បញ្ញាដែលកើតក្នុងផ្ទះនោះ ដូច្នេះហើយ កាលផ្តើមនិយាយគ្នាដល់បញ្ញានោះ ឯង ទើបពោលពាក្យជាដើមថា ឯថ តុម្ហេ សាឡា ដូច្នេះ ។ បណ្តាបទ ទាំងនោះ បទថា អត្ថិ លោភោ សេចក្តីថា ព្រះនន្ទកត្ថេរសួរថា ឈ្មោះថា សេចក្តីលោភ មានការចង់បានជាសភាវៈមានឬ ។ បទថា អភិជ្ឈាតិ ខោ អហំ សាឡា ឯតមត្ថំ វទាមិ សេចក្តីថា ព្រះនន្ទកត្ថេរកាលសម្តែងអត្ថនៃ បញ្ញាដែលតាំងឡើង ទើបពោលថា ខ្ញុំនឹងពោលអត្ថនេះ ពោល គឺសេចក្តី លោភ ថាជាអភិជ្ឈា ថាជាតណ្ហា ដូច្នេះ ។ គួរនាំន័យនេះទៅប្រើរាល់ៗ វារៈយ៉ាងនេះ ។ បទថា សោ ឯវំ បជានាតិ សេចក្តីថា ព្រះអរិយសាវ័កនោះចម្រើន ព្រហ្មវិហារ ៤ តាំងនៅហើយ ចេញអំពីសមាបត្តិហើយ កាលផ្តើមវិបស្សនា រមែងដឹងច្បាស់យ៉ាងនេះ ។ បទថា អត្ថិ ឥទំ សេចក្តីថា ព្រះអរិយសាវ័ក នេះ កាលកំណត់ដឹងខន្ធបញ្ចកៈ ពោល គឺទុក្ខសច្ច ដោយអំណាចនៃនាមរូប ថា ទុក្ខសច្ចមាន លោកហៅថា ដឹងយ៉ាងនេះថា វត្ថុនេះមាន ។