កថាវត្ថុសូត្រទី ៧

ក្បាលទី 27 · ទំព័រ 188

ម្នាលភិក្ខុទាំងឡាយ កថាវត្ថុនេះមាន ៣ យ៉ាង ។ កថាវត្ថុ ៣ យ៉ាង ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺបុគ្គលពោលពាក្យប្រារព្ធហេតុ ជាអតីតកាលហើយពោលថា ហេតុជាអតីតកាលមានមកហើយយ៉ាងនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពោលពាក្យប្រារព្ធហេតុជាអនាគតកាលថា ហេតុ ជាអនាគតកាល នឹងមានយ៉ាងនេះ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលពោល ពាក្យប្រារព្ធហេតុជាបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះថា ហេតុជាបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះយ៉ាងនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតគប្បី ដឹង ស្គាល់បុគ្គលដោយការជួបប្រទះដោយពាក្យសម្តីថា នេះជាបុគ្គលដែល គួរសាកច្ឆា ឬមិនគួរសាកច្ឆា ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលនេះ កាល ដែលត្រូវគេសួរប្រស្នាហើយ មិនព្យាករប្រស្នាដែលគេសួរ ព្យាករតែមួយ ចំណែក ( តែម្តង ) មិនព្យាករដោយការចែករលែកនូវប្រស្នាដែលគួរព្យាករ ដោយការចែករលែក មិនព្យាករដោយការសួរតប ទៅវិញនូវប្រស្នាដែល គួរព្យាករ ដោយការសួរតបទៅវិញ មិនបញ្ឈប់នូវប្រស្នាដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះឈ្មោះថា ជាបុគ្គលមិនគួរ សាកច្ឆា ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែលត្រូវគេសួរ ប្រស្នា ក៏ព្យាករប្រស្នាដែលគួរព្យាករដោយចំណែកមួយ តែមួយចំណែក ( បុណ្ណោះ ) ព្យាករដោយការចែករលែកនូវប្រស្នាដែលគួរព្យាករ ដោយ ការចែករលែក ព្យាករដោយការសួរតបទៅវិញ នូវប្រស្នាដែលគួរព្យាករ ដោយការសួរតបទៅវិញ បញ្ឈប់នូវប្រស្នាដែលគួរបញ្ឈប់ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ បុគ្គលនេះ ឈ្មោះថា ជាបុគ្គលគួរសាកច្ឆា ។