អដ្ឋកថាឧបោសថសូត្រ

ក្បាលទី 27 · ទំព័រ 246

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបោសថសូត្រទី ១០ ដូច្នេះ បទថា តទហុបេសថេ ស្មើគ្នានឹង តស្មឹ អហុ ឧបេសថេ គឺ តំទិវសំ ឧបេសថេ ប្រែថា ឧបោសថក្នុងថ្ងៃនោះ អធិប្បាយថា ក្នុងថ្ងៃនោះជាថ្ងៃបណ្ណរសីឧបោសថ ។ បទថា ឧបសង្កមិ សេចក្តីថា នាងវិសាខាអធិដ្ឋានអង្គឧបោសថ ហើយកាន់យកគ្រឿងក្រអូប និងផ្កាកម្រងជាដើម ចូលទៅគាល់ហើយ ។ បទថា ហន្ទ ជានិបាត ប្រើក្នុងអត្ថថា អញ្ជើញ ។ បទថា ទិវា ទិវស្ស សេចក្តី ថា វេលាថ្ងៃត្រង់ ឈ្មោះថា ពេលថ្ងៃ បានដល់ ក្នុងពេលដែលព្រះអាទិត្យ តាំងនៅត្រង់កណ្តាល ។ បទថា កុតោ នុ ត្វំ អាគច្ឆសិ សេចក្តីថា ព្រះមាន ព្រះភាគត្រាស់សួរថា អ្នកទៅធ្វើអ្វី ។ ឧបោសថប្រៀបដូចអ្នកស៊ីឈ្នួលចិញ្ចឹមគោ ព្រោះមានការត្រិះរិះថា មិនបរិសុទ្ធ ឈ្មោះថា គោបាលកឧបោសថ ។ ឧបោសថ គឺការរក្សារបស់ និគ្រន្ថទាំងឡាយ ឈ្មោះថា និគណ្ឋឧបោសថ ។ ឧបោសថ គឺការរក្សា របស់ព្រះអរិយៈទាំងឡាយ ឈ្មោះថា អរិយឧបោសថ ដូច្នេះ ។ បទថា សេយ្យថាបិ វិសាខេ សេចក្តីថា ម្នាលនាងវិសាខា ប្រៀបដូច ។ បទថា សាយ័ណ្ហសមយេ សាមិកានំ គាវោ និយ្យាទេត្វា សេចក្តីថា ពិតហើយ អ្នកចិញ្ចឹមគោ ទទួលគោមកចិញ្ចឹម ព្រោះតម្លៃឈ្នួល រាប់ថ្ងៃដោយកំណត់ ថា ៥ ថ្ងៃ ១០ ថ្ងៃ កន្លះខែ ១ ខែ ៦ ខែ ឬ ១ ឆ្នាំ តែក្នុងព្រះសូត្រនេះ ត្រាស់ពាក្យថា គោបលកុបេសថោ ទ្រង់សំដៅដល់អ្នកចិញ្ចឹមគោ ព្រោះ ថ្លៃឈ្នួលរាប់ថ្ងៃ ។ បទថា និយ្យាទេត្វា សេចក្តីថា ប្រគល់ឲ្យ គឺពោលថា គោរបស់អ្នកមានចំនួនបុណ្ណេះ ។ បទថា ឥតិ បដិសញ្ចិក្ខតិ សេចក្តីថា ទៅដល់ ផ្ទះរបស់ខ្លួន បរិភោគអាហារហើយ ដេកលើគ្រែ ពិចារណាយ៉ាងនេះ ។