អដ្ឋកថាឆន្ថសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឆន្នសូត្រទី ១ នៃវគ្គទី ៣ ដូច្នេះ បទថា ឆន្នោ បានដល់ បរិព្វាជកដែលមានសំពត់បិទបាំងរាងកាយ មានឈ្មោះ យ៉ាងនេះ ។ បទថា តុម្ញេបិ អាវិសោ សេចក្តីថា ឆន្នបរិព្វាជក សួរថា នែអាវុសោ ពួកយើងបញ្ញត្តការលះកិលេសមាន រាគៈជាដើមយ៉ាងណា សូម្បីលោកទាំងឡាយ ក៏បញ្ញត្តយ៉ាងនោះឬ ។ លំដាប់នោះ ព្រះថេរៈគិតថា បរិព្វាជកនេះពោលនឹងពួកយើងថា យើងទាំងឡាយបញ្ញត្តការលះរាគៈជាដើម តែការបញ្ញត្តិការលះរាគៈជាដើមនេះ មិនមានក្នុងលទ្ធិខាងក្រៅ ដូច្នេះ ទើប ពោលពាក្យថា មយំ ខោ អាវុសោ ដូច្នេះជាដើម ។ សព្ទថា ខោ ក្នុង ពាក្យថា មយំ ខោ អាវុសោ នោះ ត្រឹមតែជានិបាត ប្រើក្នុងអត្ថថា ហាម អធិប្បាយថា ពួកយើងបុណ្ណោះបញ្ញត្ត ។ លំដាប់នោះ បរិព្វាជកគិតថា ព្រះថេរៈ នេះ កាលកាត់លទ្ធិខាងក្រៅចេញទៅ ទើបពោលថា ពួកយើងបុណ្ណោះ សមណៈទាំងនេះឃើញទោសអ្វីហ្ន៎ ទើបញ្ញត្តការលះរាគៈជាដើមទាំងនេះ ។ គ្រានោះ ឆន្នបរិព្វាជក កាលនឹងសាកសួរព្រះថេរៈ ទើបពោលពាក្យជាដើម ថា កឹ បន តុម្ហេ ដូច្នេះ ។ ព្រះថេរៈកាលព្យាករដល់បុគ្គលនោះ ទើបពោលពាក្យជាដើមថា រត្តោ ខោ អាវុសោ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា អត្តត្ថំ សេចក្តីថា ប្រយោជន៍របស់ខ្លួនក្នុងបច្ចុប្បន្ន និងសម្បរាយភព ទាំងដែលជាលោកិយ និងលោកុត្តរ ។ ក្នុងប្រយោជន៍របស់អ្នកដទៃ និងប្រយោជន៍ទាំង ២ ក៏មាន ន័យនេះដូចគ្នា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា អន្ធករណោ ជាដើម រាគៈ ឈ្មោះថា អន្ធករណោ ព្រោះធ្វើបុគ្គលដែលមានរាគៈកើតឡើងឲ្យខ្វាក់ ដោយឃាត់ការដឹង ការឃើញតាមសេចក្តីពិត ។