អដ្ឋកថាអាជីវកសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងអាជីវកសូត្រទី ២ ដូចតទៅនេះ បទថា តេនហិ គហបតិ សេចក្តីថា បានឮថា ព្រះថេរៈគិតថា អាជីវកនេះ កាលមកក្នុងទីនេះ ក៏មិនបានបំណងនឹងមកដើម្បីចង់ដឹង តែមកដើម្បីពិសោធ អញនឹងឆ្លើយបញ្ញាដែលព្រាហ្មណ៍នេះសួរហើយ ដោយការសាកសួរនេះឯង ព្រះថេរៈបំណងនឹងឲ្យព្រាហ្មណ៍នោះឆ្លើយបញ្ញានោះខ្លួនឯង ដោយឧបាយនេះ ទើបពោលពាក្យជាដើមថា តេនហិ ដូច្នេះ ។ ក្នុងពាក្យថា តេនហិ ជាដើមនោះ សព្ទថា តេនហិ ជាការអាងដល់ ហេតុ ។ អធិប្បាយថា ព្រោះហេតុដែលអ្នកសួរយ៉ាងនេះ ទើបខ្ញុំសូមសាកសួរ អ្នកក្នុងសេចក្តីនេះ ។ បទថា កេសន្នោ សេចក្តីថា ដល់បុគ្គលណាហ្ន៎ ។ បទថា សធម្មុក្កំសនា សេចក្តីថា លើកលទ្ធិរបស់ខ្លួនតាំងឡើង ។ បទថា បរធម្មាបសាទនា សេចក្តីថា មិនទ្រគោះបោះបោក សម្លុត ចាក់ដោតក្នុង លទ្ធិរបស់អ្នកដទៃ ។ បទថា អាយតនេវ ធម្មទេសនា សេចក្តីថា សម្តែង ធម៌មានហេតុ ។ បទថា អត្ថោ ច វុត្តោ សេចក្តីថា នឹងចង្អុលបង្ញាញអត្ថនៃ បញ្ញាដែលខ្ញុំសួរហើយ ។ បទថា អត្តា ច អនុបនីតោ សេចក្តីថា មិនអួត អាងខ្លួនយ៉ាងនេះថា ពួកយើងយ៉ាងនេះ បាឋៈថា នុបនីតោ ដូច្នេះក៏មាន ។