មហានាមសក្កសូត្រទី ៣

ក្បាលទី 27 · ទំព័រ 273

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ជិតក្រុងកបិលពស្តុ ក្នុងដែនសក្កៈ ។ សម័យនោះឯង ព្រះដ៏មានព្រះភាគទ្រង់ ស្បើយអំពីជំងឺ ទើបតែនឹងស្បើយអំពីជំងឺ មិនទាន់យូរបុន្មាន ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់ក្នុងទីសមគួរ ។ លុះមហានាមសក្កៈ គង់ក្នុងទីសមគួរហើយ ក៏ក្រាបថ្វាយបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាង នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គដឹងច្បាស់នូវធម៌ ដែលព្រះដ៏មាន ព្រះភាគ ទ្រង់សម្តែងអស់កាលជាយូរហើយ យ៉ាងនេះថា ញាណមានដល់ បុគ្គលដែលមានចិត្តតម្កល់ខ្ជាប់ មិនមានដល់បុគ្គលដែលមានចិត្តមិនតម្កល់ ខ្ជាប់ទេ ។ បពិត្រព្រះអង្គដ៏ចម្រើន សមាធិកើតមុន ញាណកើតក្រោយ ឬក៏ ញាណកើតមុន សមាធិកើតក្រោយ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់ស្បើយអំពីជំងឺ ទើបតែនឹង ស្បើយអំពីជំងឺ មិនទាន់យូរបុន្មាន ស្រាប់តែមហានាមសក្កៈនេះ សួរប្រស្នា ដ៏ជ្រៅក្រៃពេក ចំពោះព្រះដ៏មានព្រះភាគ បើដូច្នោះ គួរតែអាត្មាអញនាំ មហានាមសក្កៈ ទៅក្នុងទីសមគួរ ហើយសម្តែងធម៌ ។ លំដាប់នោះ ព្រះអានន្ទ ដ៏មានអាយុ ក៏ចាប់ព្រះពាហានៃមហានាមសក្កៈ នាំទៅក្នុងទីសមគួរ ហើយនិយាយនឹងមហានាមសក្កៈដូច្នេះថា បពិត្រព្រះមហានាម សេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ អសេក្ខសីល ក៏ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ សេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ អសេក្ខសមាធិ ក៏ព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ សេក្ខប្បញ្ញា ក៏ព្រះ ដ៏មានព្រះភាគទ្រង់សម្តែងហើយ អសេក្ខប្បញ្ញា ក៏ព្រះដ៏មានព្រះភាគ