អដ្ឋកថាមហានាមសក្កសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសក្កសូត្រទី ៣ ដូចតទៅនេះ បទថា គិលានា វុដ្ឋិតោ សេចក្តីថា ព្រះមានព្រះភាគ ទ្រង់ជាអំពីជំងឺ ។ បទថា គេលញ្ញា សេចក្តីថា ទើបតែនឹងជាអំពីជំងឺ ។ បទថា ឧបសង្កមិ សេចក្តីថា ព្រះបាទមហានាមសក្យៈ ទ្រង់សោយព្រះក្រយាហារពេលព្រឹកហើយ ទ្រង់ កាន់យកកម្រងផ្កានិ ងគ្រឿងក្រអូបជាដើម មានបរិវារជាច្រើនចោមរោម ហើយចូលទៅគាល់ព្រះមានព្រះភាគ ។ ដោយបទថា ពាហាយំ គហេត្វា គប្បីជ្រាបសេចក្តីថា ព្រះអានន្ទ មិនបានចាប់ព្រះពាហារបស់ព្រះបាទមហានាមទាញមក តែក្រោកឡើងអំពី អាសនៈដែលអង្គុយ ហើយតម្រង់ទៅរកទ្រង់ ប្រើម្រាមដៃប៉ះត្រង់ពាហាខាងស្តាំ ហើយនាំចេញទៅក្នុងចំណែកម្ខាង ព្រះអានន្ទត្ថេរកាលប្រាប់សីល សមាធិ និងបញ្ញា ដែលជារបស់ព្រះសេក្ខៈទាំង ៧ ពួក ដោយន័យជាដើម ថា នែមហានាម ព្រះមានព្រះភាគត្រាស់សីល ដែលជាសេក្ខៈក៏មាន ដូច្នេះ ហើយកាលនឹងប្រាប់សីល សមាធិ បញ្ញា របស់អសេក្ខៈ ដោយអំណាច អរហត្តផលជាទីបំផុត ទើបសម្តែងថា វិបស្សនាញាណដែលជាសេក្ខៈ និង ផលញ្ញាណ ដែលជាអសេក្ខៈ កើតឡើងខាងក្រោយសមាធិដែលជាសេក្ខៈ និងផលសមាធិដែលជាអសេក្ខៈ កើតឡើងខាងក្រោយវិបស្សនាដែលជាសេក្ខៈ ដូច្នេះ ឯសមាធិដែលជាសម្បយុត្តធម៌ គប្បីជ្រាបថា កើតឡើងមិនមុន មិនក្រោយ ។