អដ្ឋកថានិគណ្ឋនាដសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងនិគណ្ឋសូត្រទី ៤ ដូចតទៅនេះ បទថា កូដាគារសាលាយំ បានដល់ ព្រះគន្ធកុដិដែលគេដាក់ជហ្វា ២ មានដំបូល ដូចហង្សពែនពង្ស ។ បទថា អបរិសេសំ ញាណទស្សនំ បដិជានាតិ សេចក្តីថា ដឹងច្បាស់នូវញាណទស្សនៈគ្រប់យ៉ាង សូម្បីត្រឹមតែតិចតួច ។ បទថា សតតំ សមិតំ សេចក្តីថា អស់កាលគ្រប់កាល គឺជានិច្ចនិរន្តរ ។ បទថា ញាណទស្សនំ បច្ចុប្បដ្ឋិតំ នេះ និគណ្ឋនាដបុត្រសម្តែងថា សព្វញ្ញុតញ្ញាណ ប្រាកដហើយដល់ខ្ញុំ ។ បទថា បុរាណានំ កម្មានំ បាន ដល់ កម្មដែលប្រមូលមក ។ បទថា តបសា ព្យន្តីភាវំ បានដល់ ធ្វើឲ្យ កិលេសអស់ទៅ ដោយតបៈដែលធ្វើបានដោយលំបាក ។ បទថា នវានំ កម្មានំ បានដល់ កម្មដែលគប្បីប្រមូលមកក្នុងបច្ចុប្បន្ន ។ បទថា អករណា សេចក្តីថា ព្រោះមិនប្រមូលមក ។ ដោយបទថា សេតុឃាតំ និគណ្ឋនាដបុត្រពោលដល់ការកាត់ផ្លូវដើរ គឺទម្លាយបច្ច័យ ។ បទថា កម្មក្ខយា ទុក្ខក្ខយោ បានដល់ ការអស់វដ្តទុក្ខ ព្រោះកម្មវដ្តៈអស់ទៅ ។ បទថា ទុក្ខក្ខយា វេទនាក្ខយោ បានដល់ ការអស់វេទនា ព្រោះវដ្តទុក្ខអស់ទៅ អធិប្បាយថា កាលវដ្តទុក្ខអស់ទៅ សូម្បីការវិលនៃវេទនា ក៏ឈ្មោះថា អស់ ទៅហើយដូចគ្នា ។ បទថា វេទនាក្ខយា សព្វំ ទុក្ខំ និជ្ជិណ្ណំ ភវិស្សតិ សេចក្តីថា វដ្តទុក្ខទាំងមូល នឹងវិនាសទៅដោយមិនសេសសល់ ព្រោះវេទនា អស់ទៅ ។ បទថា សន្ទិដ្ឋិកាយ សេចក្តីថា ដែលគប្បីឃើញឯង គឺឃើញ ប្រចក្ស ។ បទថា និជ្ជរាយ វិសុទ្ធិយា សេចក្តីថា ឈ្មោះថា និជ្ជរាយ ព្រោះជាបដិបទានៃការវិនាសទៅរបស់កិលេស ឬព្រោះកិលេសទាំងឡាយ វិនាសទៅ ដោយឥតមានសល់ ឈ្មោះថា បរិសុទ្ធ ព្រោះញ៉ាំងសត្វទាំងឡាយឲ្យដល់នូវសេចក្តីបរិសុទ្ធ ព្រោះដូច្នោះ ទើបឈ្មោះថា និជ្ជរាវិសុទ្ធិ ។