នវសូត្រទី ៦
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងថា ភព ភព ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា ភព តើដោយហេតុដូចម្តេច ។ ម្នាលអានន្ទ បើកម្មដែលឲ្យផល ( សម្រេច ) ក្នុង កាមធាតុមិនមានហើយ កាមភពគប្បីមានប្រាកដដែរឬទេ ។ បពិត្រព្រះអង្គដ៏ ចម្រើន ហេតុនុ៎ះមិនមានទេ ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណ ជាពូជ តណ្ហាជាទឹក វិញ្ញាណរបស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មាន តណ្ហាជាគ្រឿងព័ន្ធព័ទ្ធ តម្កល់នៅស៊ប់ហើយក្នុងធាតុដ៏ថោកទាប គឺកាមធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែងមានយ៉ាងនេះ ។ ម្នាលអានន្ទ បើកម្ម ដែលឲ្យផលក្នុងរូបធាតុមិនមានហើយ រូបភពគប្បីមានប្រាកដដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះមិនមានទេ ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក អភិសង្ខារវិញ្ញាណរបស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហាជាគ្រឿងព័ន្ធព័ទ្ធ រមែងតម្កល់នៅស៊ប់ ក្នុងធាតុជាន់កណ្តាល គឺរូបធាតុ ការកើតចំពោះក្នុងភពថ្មីតទៅទៀត រមែង មានយ៉ាងនេះ ។ ម្នាលអានន្ទ បើកម្មដែលឲ្យផលក្នុងអរូបធាតុ មិនមាន ហើយ អរូបភពគប្បីមានប្រាកដដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនុ៎ះ មិនមានទេ ។ ម្នាលអានន្ទ ព្រោះហេតុថា កម្មជាស្រែ វិញ្ញាណជាពូជ តណ្ហាជាទឹក ទើបអភិសង្ខារវិញ្ញាណរបស់ពួកសត្វ ដែលមានអវិជ្ជាជាទំនប់ មានតណ្ហាជាគ្រឿងព័ន្ធព័ទ្ធ រមែងតម្ក