គន្ធសូត្រទី ៩
គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួច អង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយក៏ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្លិននៃ គន្ធជាត ដែលផ្សាយទៅកាន់ទីបណ្តោយខ្យល់បាន ទៅច្រាសខ្យល់មិនបាន នេះមាន ៣ យ៉ាង ។ គន្ធជាត ៣ យ៉ាង តើដូចម្តេច ។ គឺក្លិនឫស ១ ក្លិនខ្លឹម ១ ក្លិនផ្កា ១ ។ បពិត្រព្រះអង្គដ៏ចម្រើន ក្លិនគន្ធជាតទាំង ៣ នេះឯង ផ្សាយទៅបានតែទីបណ្តោយខ្យល់ ទៅច្រាសខ្យល់មិនបានទេ ។ បពិត្រព្រះអង្គ ដ៏ចម្រើន ក្រែងមានក្លិនគន្ធជាតអ្វី ដែលផ្សាយទៅបណ្តោយខ្យល់ក៏បាន ផ្សាយទៅច្រាសខ្យល់ក៏បាន ផ្សាយទៅទាំងបណ្តោយខ្យល់ និងច្រាសខ្យល់ ក៏បាន មានដែរឬទេ ។ ម្នាលអានន្ទ ក្លិនគន្ធជាតដែលផ្សាយទៅបណ្តោយ ខ្យល់ក៏បាន ទៅច្រាសខ្យល់ក៏បាន ទៅបណ្តោយខ្យល់ និងច្រាសខ្យល់ក៏បាន មានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះគន្ធជាតដែលផ្សាយទៅបណ្តោយ ខ្យល់ក៏បាន ច្រាសខ្យល់ក៏បាន ទាំងបណ្តោយខ្យល់ និងច្រាសខ្យល់ក៏បាន តើដូចម្តេច ។ ម្នាលអានន្ទ ក្នុងលោកនេះ ស្ត្រីក្តី បុរសក្តី ក្នុងស្រុក ឬនិគម ណា បានដល់ព្រះពុទ្ធជាទីរពឫក បានដល់ព្រះធម៌ជាទីរពឫក បានដល់ព្រះសង្ឃ ជាទីរពឫក វៀរចាកការសម្លាប់សត្វ វៀរចាកការលួចលាក់កាន់យកវត្ថុដែល គេមិនបានឲ្យ វៀរចាកការប្រព្រឹត្តខុសក្នុងកាម វៀរចាកការនិយាយកុហក វៀរចាកហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និង មេរ័យ ជាអ្នកមានសីល មានធម៌ល្អ មានចិត្តប្រាសចាកសេចក្តីកំណាញ់ជា មន្ទិល នៅគ្រប់គ្រងផ្ទះ ជាអ្នកមានទានបរិច្ចាគហើយ មានដៃ