អដ្ឋកថាគន្ធសូត្រ

ក្បាលទី 27 · ទំព័រ 297

គប្បីជ្រាបវិនិច្ឆ័យក្នុងគន្ធសូត្រទី ៩ ដូចតទៅនេះ បទថា ឯតទវោច សេចក្តីថា ក្នុងពេលក្រោយភត្តាហារ ព្រះអានន្ទត្ថេរត្រឡប់អំពី បិណ្ឌបាត សម្តែងវត្តចំពោះព្រះទសពលហើយ ទៅកាន់ទីសម្រាកពេលថ្ងៃ របស់ខ្លួន ហើយគិតថា ក្នុងលោកនេះ មានឈើបឫសក្រអូប ឈើខ្លឹមក្រអូប ឈើផ្កាក្រអូប តែក្លិនទាំង ៣ យ៉ាងនេះ រមែងផ្សាយទៅតាមខ្យល់បុណ្ណោះ មិនផ្សាយទៅច្រាសខ្យល់ឡើយ មានក្លិនអ្វីផ្សាយទៅកាន់ទីច្រាសខ្យល់បាន ដែរឬហ្ន៎ ដូច្នេះហើយ ព្រោះហេតុដែលលោកទទួលពរ គឺការចូលទៅគាល់ ក្នុងវេលាដែលកើតសេចក្តីសង្ស័យ ក្នុងកាលដែលទទួលពរ ៨ ប្រការនោះ ឯង រំពេចនោះ ទើបចេញអំពីទីសម្រាកពេលថ្ងៃ ទៅកាន់សម្នាក់របស់ព្រះសាស្តា ថ្វាយបង្គំហើយ អង្គុយក្នុងចំណែកម្ខាង ដើម្បីបន្ទោបង់នូវការ សង្ស័យដែលកើតឡើង ទើបបានក្រាបទូលពាក្យនេះ គឺពាក្យជាដើមថា តីណិមានិ ភន្តេ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា គន្ធជាតានិ បាន ដល់ របស់ក្រអូបដោយកំណើតទាំងឡាយ ។ បទថា មូលគន្ធោ បានដល់ ក្លិនដែលតាំងនៅក្នុងឫស ឬឫសដែលសម្បូរដោយក្លិននោះឯង ឈ្មោះថា មូលគន្ធោ ព្រោះថា ក្លិនរបស់ឫសនោះ រមែងផ្សាយទៅតាមខ្យល់ តែក្លិន របស់ក្លិននោះមិនមាន ។ សូម្បីក្នុងក្លិនខ្លឹម និងក្លិនឫស ក៏មានន័យនេះដូចគ្នា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបទថា អត្ថានន្ទ គន្ធជាតំ នេះដូចតទៅ ការ ដល់នូវសរណៈជាដើម ឈ្មោះថា ជាក្លិន ព្រោះដូចគ្នានឹងក្លិនដែលផ្សាយទៅ គ្រប់ទិស ដោយអំណាចនៃការពោលសរសើរគុណក្លិនទាំងនោះ មានបុគ្គល ជាទីតាំង ឈ្មោះថា គន្ធជាត ។ បទថា គន្ធោ គច្ឆតិ សេចក្តីថា ផ្សាយទៅ ដោយអំណាចនៃការពោលសរសើរ ។ បទថា សីលវា បានដល់ មានសីល ជាសីល ៥ ឬសីល ១០ ។