អដ្ឋកថាសមណសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសមណសូត្រទី ១ នៃសមណវគ្គទី ៤ ដូចតទៅ បទថា សមណស្ស ប្រែថា ដែលជារបស់សមណៈ ។ បទថា សមណករណីយានិ ប្រែថា កិច្ចដែលសមណៈគប្បីធ្វើ ។ ក្នុងបទថា អធិសីលសិក្ខាសមាទានំ ជាដើម មានអធិប្បាយថា ការកាន់យក ហៅថា សមាទានំ ការសមាទាន ការកាន់យក ការបំពេញអធិសីលសិក្ខា ឈ្មោះ ថា អធិសីល សិក្ខាសមាទានំ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ ម្យ៉ាងទៀត ក្នុងទីនេះ គប្បីជ្រាបការចែកដូច្នេះថា សីល អធិសីល ចិត្ត អធិចិត្ត បញ្ញា អធិប្បញ្ញា ក្នុងការចែកនោះ សីល ៥ ឈ្មោះថា សីល សីល ១០ ឈ្មោះថា អធិសីល ព្រោះប្រៀបធៀបនឹងសីល ៥ នោះ បរិសុទ្ធិសីល ៤ ឈ្មោះថា អធិសីល ព្រោះប្រៀបធៀបនឹងសីល ១០ នោះ ម្យ៉ាងទៀត លោកិយសីលទាំងអស់ ចាត់ជាសីល លោកុត្តរសីល ចាត់ជាអធិសីល អធិសីលនោះឯង ហៅថា សិក្ខា ព្រោះត្រូវសិក្សា ។ ឯ កាមាវចរចិត្ត ឈ្មោះថា ចិត្ត រូបាវចរចិត្ត ឈ្មោះថា អធិចិត្ត ព្រោះប្រៀបធៀប ោនឹងកាមាវចរចិត្តនោះ អរូបាវចរចិត្ត ឈ្មោះថា អធិចិត្ត ព្រោះប្រៀបធៀប ោនឹងរូបាវចរចិត្តនោះ ម្យ៉ាងទៀត លោកិយចិត្តទាំងអស់ ចាត់ជាចិត្ត លោកុត្តរចិត្ត ចាត់ជាអធិចិត្ត ក្នុងបញ្ញាក៏មានន័យដូចគ្នានេះឯង ។ បទថា តស្មា សេចក្តីថា ព្រោះហេតុដែលកិច្ច ដែលសមណៈគប្បីធ្វើទាំង ៣ នេះ ។ បទថា តិព្វោ បានដល់ ក្រាស់ ។ បទថា ឆន្ទោ បានដល់ ការពេញចិត្តក ្នុងកុសល គឺភាពជាអ្នកត្រូវការធ្វើ ។ សិក្ខាទាំង ៣ ដែលជាលោកិយ និងលោកុត្តរ ព្រះមានព្រះភាគត្រាស់ ក្នុងសូត្រនេះ ដោយប្រការដូចពណ៌នាមក ដូច្នេះឯង ។