គទ្រភសូត្រទី ២

ក្បាលទី 27 · ទំព័រ 322

ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចលាជាប់តាមហ្វូងគោអំពី ក្រោយៗ ថា អញជាគោដែរ អញជាគោដែរ ។ តែសម្បុរលានោះ មិនមែន ដូចជាសម្បុររបស់ពួកគោទេ សម្រែកបែបលានោះ ក៏មិនដូចពួកគោទេ ស្នាមជើងបែបលានោះ ក៏មិនដូចពួកគោទេ ។ លានោះ ជាប់តាមហ្វូងគោ អំពីក្រោយៗ ថា អញជាគោដែរ អញជាគោដែរ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ជាប់តាមភិក្ខុសង្ឃអំពីក្រោយៗ ថា អាត្មាអញ ជាភិក្ខុដែរ អាត្មាអញជាភិក្ខុដែរ ។ តែសេចក្តីបុនប៉ងបែបនោះ របស់ភិក្ខុនោះ មិនមានក្នុងការសមាទាននូវអធិសីលសិក្ខា ដូចជាពួកភិក្ខុដទៃទេ សេចក្តីបុន ប៉ងបែបនោះ មិនមានក្នុងការសមាទាននូវអធិចិត្តសិក្ខា ដូចជាពួកភិក្ខុដទៃទេ សេចក្តីបុនប៉ងបែបនោះ មិនមានក្នុងការសមាទាននូវអធិប្បញ្ញាសិក្ខា ដូចជា ពួកភិក្ខុដទៃទេ ។ ភិក្ខុនោះ គ្រាន់តែជាប់តាមភិក្ខុសង្ឃអំពីក្រោយៗ ថា អាត្មាអញ ជាភិក្ខុដែរ អាត្មាអញជាភិក្ខុដែរបុណ្ណោះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះថា យើងនឹងមានសេចក្តីបុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិសីលសិក្ខា យើងនឹងមានសេចក្តីបុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីបុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ ។