ខេត្តសូត្រទី ៣
ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើមុនរបស់គហបតីអ្នកភ្ជួរ នេះមាន ៣ យ៉ាង ។ កិច្ច ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គហបតីអ្នកភ្ជួរក្នុងលោកនេះ មុនដំបូងត្រូវភ្ជួររាស់ស្រែឲ្យល្អ លុះភ្ជួររាស់ស្រែ ឲ្យល្អដំបូងហើយ ក៏សាបព្រោះពូជតាមកាលដ៏គួរ លុះសាបព្រោះពូជ ក្នុង កាលដ៏គួរហើយ ក៏បញ្ចូលទឹកខ្លះ បញ្ចេញទឹកខ្លះ តាមសម័យដ៏គួរ ។ ម្នាល ភិក្ខុទាំងឡាយ នេះឯងជាកិច្ចដែលត្រូវធ្វើមុនរបស់គហបតីអ្នកភ្ជួរ ៣ យ៉ាង ។ ម្នាលភិក្ខុទាំងឡាយ បុព្វកិច្ចរបស់ភិក្ខុនេះ ក៏មាន ៣ យ៉ាងដូច្នោះដែរ ។ កិច្ច ៣ យ៉ាង តើដូចម្តេច ។ គឺការសមាទាននូវអធិសីលសិក្ខា ១ ការសមាទាន នូវអធិចិត្តសិក្ខា ១ ការសមាទាននូវអធិប្បញ្ញាសិក្ខា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាបុព្វកិច្ច ៣ យ៉ាងរបស់ភិក្ខុ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុង សាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងនឹងមានសេចក្តី បុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិសីលសិក្ខា យើងនឹងមានសេចក្តី ប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីបុន ប៉ងឲ្យណាស់ ក្នុងការសមាទាននូវអធិប្បញ្ញាសិក្ខា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ ។