អដ្ឋកថាវជ្ជិបុត្តសូត្រ

ក្បាលទី 27 · ទំព័រ 327

គប្បីជ្រាបវិនិច្ឆ័យក្នុងវជ្ជីបុត្តសូត្រទី ៤ ដូចតទៅនេះ បទថា វជ្ជិបុត្តកោ បានដល់ កូនរបស់រាជត្រកូលវជ្ជី ។ បទថា ទិយឌ្ឍសិក្ខាបទសតំ បានដល់ សិក្ខាបទ ១៥០ ។ ភិក្ខុវជ្ជីបុត្រសំដៅយកសិក្ខាបទ ដែលទ្រង់បញ្ញត្តក្នុងសម័យនោះ ទើបពោលពាក្យនេះថា ទិយឌ្ឍសិក្ខាបទសតំ ។ បានឮថា ភិក្ខុនោះដល់ព្រមដោយអាជ្ជវធម៌ ជាអ្នកមាននិស្ស័យ ស្មោះត្រង់ មិនវេចវេរ ដូច្នោះ ទើបលោកគិតថា អាត្មាអញអាចរក្សា សិក្ខាបទចំនួនបុណ្ណេះបានឬទេ ដូច្នេះហើយ ក្រាបទូលឲ្យព្រះសាស្តាទ្រង់ ជ្រាប ។ បទថា សក្កោមហំ កាត់បទជា សក្កោមិ អហំ ប្រែថា ខ្ញុំអាច ។ បានឮថា ភិក្ខុនោះ សម្គាល់ថា កាលអាត្មាអញសិក្សាក្នុងសិក្ខាបទចំនួន បុណ្ណេះបាន ក៏មិនធ្ងន់ចិត្តដែលនឹងសិក្សាក្នុងត្រៃសិក្ខា ទើបក្រាបទូលយ៉ាង នោះ ។ លំដាប់នោះ ព្រះមានព្រះភាគ កាលទ្រង់លើកសិក្ខា ២ ទៀត ក្នុង លំដាប់ដែលខ្ពស់ឡើង ដល់ភិក្ខុដែលមិនអាចសិក្សាក្នុងសិក្ខា ១ ទើបត្រាស់ ពាក្យថា តស្មា តិហ ត្វំ ភិក្ខុ ជាដើម ប្រៀបដូចបុគ្គលចងបាច់ស្មៅ ១០០ បាច់ ដាក់លើក្បាលរបស់បុគ្គលដែលមិនអាចលើកបាច់ស្មៅ ៥០ ឡើងបាន ដូច្នោះ ។ បានឮថា ក្នុងរោហណជនបទ អ្នកជនបទម្នាក់ ឈ្មោះឧត្តរៈ នៅក្នុង ភេរបាសាណវិហារ សម័យតមក ភិក្ខុកំលោះទាំងឡាយ ពោលនឹងបុរស នោះថា ឧត្តរៈ រោងភ្លើងត្រូវភ្លៀងលិចស្រោច សូមអ្នកធ្វើស្មៅឲ្យសមគួរ ហើយឲ្យចុះ ដូច្នេះ ហើយនាំបុរសនោះទៅព្រៃ ចងបាច់ស្មៅដែលឧត្តរៈនោះ ច្រូតហើយ ឲ្យជាបាច់ៗ ហើយពោលថា នែឧត្តរៈ អ្នកអាចទូលស្មៅ ៥០ បាច់បានឬទេ ។