បឋមសេក្ខសូត្រទី ៥
គ្រានោះ ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះដ៏មានព្រះភាគទ្រង់សម្តែងថា ភិក្ខុជា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុជាសេក្ខៈ តើដោយហេតុ ដូចម្តេច ។ ម្នាលភិក្ខុ ព្រោះតែភិក្ខុនៅសិក្សា ហេតុនោះ បានជាតថាគត ហៅថា សេក្ខៈ ។ នៅសិក្សាអ្វី ។ ម្នាលភិក្ខុ នៅសិក្សាអធិសីលផង នៅ សិក្សាអធិចិត្តផង នៅសិក្សាអធិប្បញ្ញាផង ហេតុនោះ បានជាតថាគតហៅថា សេក្ខៈ ។ មគ្គញ្ញាណជាបឋម ក្នុងការអស់ទៅនៃកិលេស រមែង កើតឡើង ដល់សេក្ខបុគ្គល នៅកំពុងសិក្សា ជាអ្នក ប្រតិបត្តិនូវផ្លូវដ៏ត្រង់ អរហត្តផល តែងកើតឡើង ជាលំដាប់ អំពីមគ្គញ្ញាណទី ៤ នោះ តពីនោះទៅ បច្ចវេក្ខណញ្ញាណ ក្នុងការអស់ទៅនៃសំយោជនៈក្នុង ភព រមែងមានដល់បុគ្គល ដែលមានចិត្តរួចស្រឡះ ហើយ ដោយអរហត្តផលវិមុត្តិ ជាតាទិបុគ្គល ( អ្នក មិនញាប់ញ័រដោយលោកធម៌ ) ថា ការរួចស្រឡះ របស់អាត្មាអញ មិនបានកម្រើកឡើយ ។