ទុតិយសេក្ខសូត្រទី ៦
ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ តែងមកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សារបស់ពួកកុលបុត្រអ្នកប្រាថ្នា នូវប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះមាន ៣ ដែលជាទីប្រជុំចុះ របស់សិក្ខាបទ ១៥០ ទាំងអស់នុ៎ះ ។ សិក្ខា ៣ តើដូចម្តេច ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ឯងសិក្ខា ៣ ដែលជាទីប្រជុំចុះរបស់សិក្ខាបទទាំងអស់នុ៎ះ ។ ម្នាលភិក្ខុទាំង- ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ធ្វើ ល្មមប្រមាណក្នុងសមាធិ ធ្វើល្មមប្រមាណក្នុងបញ្ញា ភិក្ខុនោះនៅត្រូវសិក្ខាបទ តូច និងតូចបន្ទាប់ទាំងនោះខ្លះ នៅចេញចាក ( អាបត្តិ ) ខ្លះ ។ ហេតុនោះ នឹងទៅជាអ្វី ។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនឲ្យឈ្មោះថា ជាអភព្វ ក្នុងការត្រូវអាបត្តិ ហើយចេញចាកអាបត្តិនុ៎ះទេ ។ ពួកសិក្ខាបទណា ជាខាង ដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គព្រហ្មចារ្យទី ៤ ភិក្ខុនោះ ជាអ្នកមាន សីលជាប់មិនដាច់ផង មានសីលតាំងនៅផង សមាទានសិក្សាក្នុងសិក្ខាបទ ទាំងនោះ ។ ភិក្ខុនោះនៅតែបានសោតៈ ព្រោះការអស់សំយោជនៈ ៣ មាន សភាពជាអ្នកមិនបានធ្លាក់ចុះក្នុងអបាយ ជាអ្នកទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ធ្វើឲ្យ បរិបូណ៌ក្នុងសីល ធ្វើល្មមប្រមាណក្នុងសមាធិ ធ្វើល្មមប្រមាណក្នុងបញ្ញា ភិក្ខុនោះ នៅតែត្រូវសិក្ខាបទតូច និងតូចដោយលំដាប់ខ្លះ ចេញចាកខ្លះ ។ ហេតុនោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតនៅតែមិនឲ្យឈ្មោះ ថា ជាអភព្វ ក្នុងការត្រូវ និងការចេញនុ៎ះទេ ។