អដ្ឋកថាទុតិយសេក្ខសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសេក្ខសូត្រទី ៦ ដូចតទៅនេះ បទថា អត្តកាមា បានដល់ កុលបុត្រទាំងឡាយដែលសង្ឃឹមប្រយោជន៍ ដល់ខ្លួន ។ បទថា យត្ថេតំ សព្វំ សមោធានំ គច្ឆតិ សេចក្តីថា សិក្ខាបទ ទាំង ១៥០ នេះ ដល់នូវការសង្គ្រោះចូលក្នុងសិក្ខាបទពួកណា ។ បទថា បរិបូរការី ហោតិ សេចក្តីថា ភិក្ខុដែលជាអ្នកមានប្រក្រតីធ្វើឲ្យបរិបូណ៌ ។ បទថា មត្តសោការី សេចក្តីថា ជាអ្នកមានប្រក្រតីធ្វើល្មមប្រមាណ អធិប្បាយ ថា មិនអាចធ្វើបានទាំងអស់ ។ បទថា ខុទ្ទានុខុទ្ទកានិ បានដល់ សិក្ខាបទ ដ៏សេស វៀរបារាជិក ៤ ។ ម្យ៉ាងទៀត ក្នុងបទថា ខុទ្ទានុខុទ្ទកានិ នោះ អធិប្បាយថា សង្ឃាទិសេស ឈ្មោះថា ខុទ្ទកសិក្ខាបទ ថុល្លច្ច័យ ឈ្មោះថា អនុខុទ្ទកសិក្ខាបទ ម្យ៉ាងទៀត ថុល្លច្ច័យ ឈ្មោះថា ខុទ្ទកសិក្ខាបទ បាចិត្តិយៈ ឈ្មោះថា អនុខុទ្ទកសិក្ខាបទ ។ ម្យ៉ាងទៀត បាចិត្តិយៈ ឈ្មោះថា ខុទ្ទកសិក្ខាបទ បាដិទេសនីយៈ ទុក្កដ និងទុព្ភាសិត ឈ្មោះថា អនុខុទ្ទកសិក្ខាបទ ។ តែអាចារ្យអ្នកជំនាញក្នុងអង្គុត្តរមហានិកាយ ពោលថា សិក្ខាបទដ៏សេសទាំង អស់ វៀរបារាជិក ៤ ឈ្មោះថា ខុទ្ទកានុខុទ្ទកសិក្ខាបទ ។ ក្នុងបទថា តានិ អាបជ្ជតិបិ វុដ្ឋាតិបិ នេះ មានអធិប្បាយថា ព្រះខីណាស្រពមិនត្រូវអាបត្តិ ដែលជាលោកវជ្ជៈឡើយ តែត្រូវអាបត្តិដែលជា បណ្ណត្តិវជ្ជៈ កាលត្រូវក៏ត្រូវដោយផ្លូវកាយខ្លះ ផ្លូវវាចាខ្លះ ផ្លូវចិត្តខ្លះ គឺកាល ត្រូវផ្លូវកាយ ក៏ត្រូវកុដិការសិក្ខាបទ សហសេយ្យកសិក្ខាបទជាដើម កាល ត្រូវផ្លូវវាចា ក៏ត្រូវសញ្ចរិតសិក្ខាបទ និងបទសោធម្មសិក្ខាបទជាដើម កាល ត្រូវអាបត្តិផ្លូវចិត្ត ក៏ត្រូវព្រោះទទួលរូបិយៈ ។