តតិយសេក្ខសូត្រទី ៧

ក្បាលទី 27 · ទំព័រ 337

ម្នាលភិក្ខុទាំងឡាយ សិក្ខាបទ ១៥០ ដែលសម្រេចហើយនេះ តែងមកកាន់ឧទ្ទេស រាល់កន្លះខែ ដែលជាទីសិក្សារបស់ពួកកុលបុត្រអ្នកប្រាថ្នា នូវប្រយោជន៍ ។ ម្នាលភិក្ខុទាំងឡាយ សិក្ខានេះមាន ៣ ដែលជាទីប្រជុំ ចុះរបស់សិក្ខាបទទាំងអស់នុ៎ះ ។ សិក្ខា ៣ តើអ្វីខ្លះ ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងសិក្ខា ៣ ដែលជាទីប្រជុំចុះ នៃសិក្ខាបទទាំងអស់នុ៎ះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកធ្វើឲ្យបរិបូណ៌ក្នុងសីល ធ្វើល្មមប្រមាណក្នុងសមាធិ ភិក្ខុ នោះនៅតែត្រូវសិក្ខាបទតូច និងតូចបន្ទាប់នោះខ្លះ ចេញចាកខ្លះ ។ ហេតុនោះ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ឲ្យឈ្មោះថា ជាអភព្វក្នុង ហេតុនុ៎ះទេ ។ ពួកសិក្ខាបទណា ជាខាងដើមនៃមគ្គព្រហ្មចារ្យ សមគួរដល់មគ្គ ព្រហ្មចារ្យ ឲ្យតែភិក្ខុនោះមានសីលទៀងទាត់ ស្ថិតស្ថេរ សមាទានសិក្សាក្នុង សិក្ខាបទទាំងនោះ ។ ភិក្ខុនោះ គង់បានជាសត្តក្ខត្តុបរមៈ ព្រោះការអស់រលីង នៃសញ្ញោជនៈ ៣ ត្រាច់រង្គាត់អន្ទោលទៅ ក្នុងទេវលោក និងមនុស្សលោក យ៉ាងច្រើនត្រឹម ៧ ជាតិ ក៏ធ្វើនូវទីបំផុតទុក្ខបាន ។ ភិក្ខុនោះជាកោលង្កោលៈ ព្រោះអស់សញ្ញោជនៈ ៣ ត្រាច់រង្គាត់ អន្ទោលទៅកាន់ត្រកូល ២ ឬ ៣ ក៏ ធ្វើនូវទីបំផុតទុក្ខបាន ។ ភិក្ខុនោះជាឯកពីជី ព្រោះអស់សញ្ញោជនៈ ៣ កើត ក្នុងភពជារបស់មនុស្សតែម្តងបុណ្ណោះ ក៏ធ្វើនូវទីបំផុតទុក្ខបាន ។