អដ្ឋកថាតតិយសេក្ខសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយសេក្ខសូត្រទី ៧ ដូចតទៅនេះ បទថា កោលង្កោលោ បានដល់ ព្រះសោតាបន្ន ទៅអំពីត្រកូលកាន់ត្រកូល ។ ក្នុងបទថា កូលំ នេះ លោកបំណងយកភព ព្រោះហេតុនោះ ក្នុងបទថា ទ្វេ វា តីណិ វា កុលានិ នេះ គប្បីជ្រាបអត្ថថា ២-៣ ភព ។ ពិតហើយ ព្រះសោតាបន្ននេះ រមែងអន្ទោលទៅ ២-៣ ភព ឬយ៉ាងខ្ពស់បំផុត ក៏ ៦ ភព ព្រោះហេតុនោះ គប្បីឃើញវិកប្ប គឺគោលកំណត់ក្នុងបទនេះយ៉ាងនេះ ថា ២ ភពក៏មាន ៣ ភពក៏មាន ៤ ភពក៏មាន ៥ ភពក៏មាន ៦ ភពក៏មាន ។ បទថា ឯកពីជី មានវិគ្គហៈថា ពូជរបស់ភព ១ បុណ្ណោះរបស់ព្រះអរិយៈ នេះមាន ហេតុនោះ ទើបព្រះអរិយៈនេះ ឈ្មោះថា ឯកពីជី ។ ក្នុងបទថា ឧទ្ធំសោតោ ជាដើម អធិប្បាយថា ព្រះអនាគាមីប្រភេទ ឧទ្ធំសោតោអកនិដ្ឋគាមី មានក្រសែទៅខាងលើ និងទៅដល់អកនិដ្ឋភពក៏មាន ១ ព្រះអនាគាមីប្រភេទឧទ្ធំសោតោនអកនិដ្ឋគាមី មានក្រសែខាងលើ តែទៅ មិនដល់អកនិដ្ឋភពក៏មាន ១ ព្រះអនាគាមីប្រភេទនឧទ្ធំសោតោអកនិដ្ឋគាមី មិនមានក្រសែខាងលើ តែទៅដល់អនិដ្ឋភពក៏មាន ព្រះអនាគាមីប្រភេទ អនុទ្ធំសោតោអកនិដ្ឋគាមី មិនមានក្រសែខាងលើ និងទៅមិនដល់អកនិដ្ឋភព ក៏មាន ១ ។ បណ្តាព្រះអនាគាមី ៤ ពួកនោះ ព្រះអនាគាមីណា បានសម្រេច អនាគាមិផល ក្នុងលោកនេះហើយ កើតក្នុងជាន់សុទ្ធាវាសមាន ជាន់ អវិហាជាដើម តាំងនៅក្នុងជាន់អវិហានោះ ដរាបដល់អស់អាយុហើយ ក៏ កើតក្នុងជាន់សុទ្ធាវាសខ្ពស់ឡើងៗ រហូតដល់សុទ្ធាវាសជាន់អកនិដ្ឋ ព្រះ អនាគាមីនេះ ឈ្មោះថា ឧទ្ធំសោតោអកនិដ្ឋគាមី ។