អដ្ឋកថាទុតិយសិក្ខាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសិក្ខាសូត្រទី ១០ ដូចតទៅនេះ ក្នុងបទថា អាសវានំ ខយា នេះ មានអធិប្បាយថា អរហត្តមគ្គ ឈ្មោះថា អធិប្បញ្ញាសិក្ខា ។ ចំណែកផលមិនគួរពោលថា សិក្ខា ព្រោះកើតឡើងដល់ បុគ្គលដែលបានសិក្សាសិក្ខាហើយ ។ បទថា យថា បុរេ តថា បច្ឆា សេចក្តីថា ខាងដើមលោកសិក្សាក្នុង សិក្ខា ៣ ខាងក្រោយក៏សិក្សាយ៉ាងនោះដូចគ្នា ។ ក្នុងបទទី ២ ក៏មានន័យ នេះឯង ។ បទថា យថា អធោ តថា ឧទ្ធំ សេចក្តីថា លោកពិចារណា ឃើញកាយខាងក្រោម ដោយអំណាចអសុភ យ៉ាងណា ពិចារណាឃើញ កាយខាងលើ យ៉ាងនោះដូចគ្នា ។ ក្នុងបទទី ២ ក៏មានន័យនេះដូចគ្នា ។ បទថា យថា ទិវា តថា រត្តឹ សេចក្តីថា ក្នុងពេលថ្ងៃ លោកសិក្សាសិក្ខា ៣ ក្នុងពេលយប់ ក៏សិក្សាយ៉ាងនោះដូចគ្នា ។ បទថា អភិភុយ្យ ទិសា សព្វា សេចក្តីថា គ្របសង្កត់ទិសទាំងពួង គឺគ្របសង្កត់ដោយអំណាចនៃ អារម្មណ៍ ។ បទថា អប្បមាណសមាធិនា គឺដោយសមាធិដែលសម្បយុត្ត ដោយអរហត្តមគ្គ ។ បទថា សេក្ខំ បានដល់ អ្នកដែលនៅសិក្សានៅឡើយ គឺនៅមានកិច្ចដែលត្រូវធ្វើ ។ បទថា បដិបទំ បានដល់ អ្នកបដិបត្តិ ។ បទថា សំសុទ្ធចារិនំ បានដល់ បុគ្គលមានចរណៈបរិសុទ្ធល្អ គឺមានសីល បរិសុទ្ធ ។ បទថា សម្ពុទ្ធំ បានដល់ អ្នកត្រាស់ដឹងសច្ចៈ ៤ ។ បទថា ធីរំ បដិបទន្តគុំ សេចក្តីថា អ្នកប្រាជ្ញ គឺជាអ្នកដល់ព្រមដោយបញ្ញាជាគ្រឿង ចងចាំ ដោយអំណាចនៃបញ្ញា ដែលទ្រទ្រង់ចាំក្នុងខន្ធ ធាតុ និងអាយតនៈ ជាអ្នកដល់នូវទីបំផុតនៃវត្តបដិបត្តិ ។