អដ្ឋកថាបំកធាសូត្រ

ក្បាលទី 27 · ទំព័រ 358

គប្បីជ្រាបវិនិច្ឆ័យក្នុងបំកធាសូត្រទី ១១ ដូចតទៅនេះ បទថា បំកធា នាម កោសលានំ និគមោ សេចក្តីថា និគមក្នុងកោសលរដ្ឋ ដែលមានឈ្មោះយ៉ាងនេះថា បំកធា ។ បទថា អាវាសិកោ សេចក្តីថា ភិក្ខុម្ចាស់អាវាស សាងអាវាសថ្មីៗ ឡើង ទំនុកបម្រុងរក្សាអាវាសចាស់ៗ ។ បទថា សិក្ខាបទប្បដិសំយុត្តាយ បានដល់ បដិសំយុត្តដោយបទ ពោលគឺ សិក្ខា អធិប្បាយថា ប្រកបដោយសិក្ខា ៣ ។ បទថា សន្ទស្សេតិ បាន ដល់ ទ្រង់ឲ្យភិក្ខុទាំងឡាយឃើញដូចនៅចំពោះមុខ ។ បទថា សមាទបេតិ បានដល់ ឲ្យភិក្ខុទាំងឡាយកាន់យក ។ បទថា សមុត្តេជេតិ គឺឲ្យភិក្ខុទាំងឡាយអាចហាន ។ បទថា សម្បហំសេតិ គឺត្រាស់សរសើរ ធ្វើភិក្ខុទាំងឡាយឲ្យផូរផង់ដោយគុណ ដែលបានខ្លួនហើយ ។ បទថា អធិសល្លេខិតេ បានដល់ សមណៈនេះរមែងដុសខាត់ពន់ពេក អធិប្បាយថា សមណៈនេះ រមែងពោលធម៌ដែលល្អិតៗ ធ្វើឲ្យល្អិតល្អន់ពន់ពេក ។ បទថា អច្ចយោ គឺកំហុស ។ បទថា មំ អច្ចគមា គឺកន្លងល្មើស នូវខ្ញុំ បានដល់ សង្កត់សង្កិនខ្ញុំប្រព្រឹត្តទៅ ។ បទថា អហុទេវ អក្ខន្តិ សេចក្តីថា ការមិនអត់ធន់ មានហើយនោះឯង ។ បទថា អហុ អប្បច្ចយោ សេចក្តីថា អាការមិនត្រេកអរមានហើយ ។ បទថា បដិគ្គណ្ហាតុ សេចក្តី ថា សូមព្រះមានព្រះភាគអត់ទោស ។ បទថា អាយតឹ សំវរាយ គឺដើម្បី ប្រយោជន៍ដល់ការសង្រួមក្នុងអនាគត អធិប្បាយថា ដើម្បីមិនធ្វើនូវកំហុស គឺទោស បានដល់ការភ្លាំងភ្លាត់បែបនេះទៀត ។ បទថា តគ្ឃ ជានិបាត ដោយចំណែកមួយ ។ បទថា យថាធម្មំ បដិករោសិ គឺធម៌តាំងនៅដោយប្រការណា លោក ក៏ធ្វើដោយប្រការនោះ មានពាក្យអធិប្បាយថា ឲ្យអត់ទោស ។