អច្ចាយិកសូត្រទី ១

ក្បាលទី 27 · ទំព័រ 361

ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្តទៅយ៉ាងរួសរាន់ របស់កស្សកគហបតី ( គហបតីអ្នកភ្ជួររាស់ ) នេះមាន ៣ យ៉ាង ។ ករណីយកិច្ច ៣ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ កស្សកគហបតី ក្នុង លោកនេះ ភ្ជួររាស់ស្រែឲ្យរាប ឲ្យល្អិតល្អយ៉ាងប្រញាប់ ១ លុះភ្ជួររាស់ស្រែ រាបល្អិតល្អ យ៉ាងប្រញាប់ហើយ ក៏ព្រោះពូជយ៉ាងប្រញាប់ ១ លុះព្រោះ ពូជយ៉ាងប្រញាប់ហើយ ក៏បញ្ចូលទឹកខ្លះ បញ្ចេញទឹកខ្លះយ៉ាងប្រញាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ចយ៉ាងរួសរាន់ របស់កស្សកគហបតី មាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ កស្សកគហបតីនោះ មិនមានឫទ្ធិ មិន មានអានុភាព ( បង្គាប់បញ្ជា ) ស្រូវនោះថា សូមឲ្យស្រូវទាំងឡាយ របស់ អាត្មាអញលូតលាស់ក្នុងថ្ងៃនេះ មានបង្ញើមក្នុងថ្ងៃស្អែក ទុំក្នុងថ្ងៃខានស្អែក ដូច្នេះបានឡើយ ម្នាលភិក្ខុទាំងឡាយ លុះតែដល់វេលា ទើបស្រូវទាំងនោះ របស់កស្សកគហបតីនោះ ផ្លាស់រដូវហើយ ក៏លូតលាស់ មានបង្ញើមទុំបាន ។ ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ចប្រព្រឹត្តទៅយ៉ាងរួសរាន់របស់ភិក្ខុនេះ ក៏មាន ៣ យ៉ាង យ៉ាងនោះដែរ ។ ករណីយកិច្ច ៣ យ៉ាង តើដូចម្តេច ។ គឺសមាទាន នូវអធិសីលសិក្ខា ១ សមាទាននូវអធិចិត្តសិក្ខា ១ សមាទាននូវអធិប្បញ្ញា- សិក្ខា ១ ។ ម្នាលភិក្ខុទាំងឡាយ ករណីយកិច្ចប្រព្រឹត្តទៅយ៉ាងរួសរាន់របស់ ភិក្ខុមាន ៣ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះមិនមានឫទ្ធិ មិន មានអានុភាព ( បង្គាប់បញ្ជា ) ចិត្តនោះថា សូមឲ្យចិត្តរបស់អាត្មាអញ ផុត ស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ក្នុងថ្ងៃនេះ ឬថ្ងៃស្អែក ឬ ក៏ថ្ងៃខានស្អែក ដូច្នេះបានឡើយ ម្នាលភិក្ខុទាំងឡាយ លុះតែដល់វេលាហើយ ទើបចិត្តរបស់ភិក្ខុនោះ