អដ្ឋកថាអច្ចាយិកសូត្រ

ក្បាលទី 27 · ទំព័រ 363

គប្បីជ្រាបវិនិច្ឆ័យក្នុងអច្ចាយិកសូត្រទី ១ នៃលោណផលវគ្គទី ៥ ដូចតទៅ បទថា អច្ចាយិកានិ ប្រែថា ប្រញាប់ប្រញាល់ ។ បទថា ករណីយានិ ប្រែថា កិច្ចដែលត្រូវធ្វើយ៉ាងពិត ធុរៈណាមិនត្រូវធ្វើដោយ ពិតប្រាកដ ធុរៈនោះ ហៅថា កិច្ច ធុរៈដែលត្រូវធ្វើពិតប្រាកដ ឈ្មោះថា ករណី ។ បទថា សីឃសីឃំ ប្រែថា ដោយរហ័ស ។ បទថា តំ ក្នុង ពាក្យថា តស្ស ខោ តំ នេះ ត្រឹមតែជានិបាត ។ បទថា នត្ថិ សា ឥទ្ធិ វា អានុភាវោ វា សេចក្តីថា ឫទ្ធិនោះ ឬអានុភាពនោះមិនមាន ។ បទថា ឧត្តរស្វេ បានដល់ ក្នុងថ្ងៃទី ៣ គឺក្នុងថ្ងៃម្សិលមិញ ។ បទថា ឧតុបរិណាមីនិ បានដល់ ធញ្ញជាតិទាំងឡាយ បាននូវការផ្លាស់ប្តូររដូវ ។ បទថា ជាយន្តិបិ បានដល់ មានពន្លកពណ៌សដុះចេញក្នុងថ្ងៃទី ៣ កាលគ្រប់ ៧ ថ្លៃ ពន្លកក៏ប្រែជាមានពណ៌ខៀវ ។ បទថា គព្ភិនីបិ ហោន្តិ សេចក្តីថា ដល់វេលាមួយខែកន្លះ ក៏មានបង្ញើម ។ បទថា បចន្តិបិ សេចក្តីថា ដល់ ពេល ៣ ខែ ក៏ទុំ ។ ឥឡូវនេះ ព្រោះហេតុដែលព្រះពុទ្ធទាំងឡាយ មិនត្រូវការដោយគហបតី ឬដោយសន្ទូង តែទ្រង់នាំឧបមានោះមក ក៏ដើម្បីសម្តែងបុគ្គល ឬអត្ថដែល សមគួរនឹងទេសនានោះក្នុងសាសនា ដូច្នោះ កាលទ្រង់សម្តែងអត្ថដែលទ្រង់ បំណងនឹងសម្តែងដែលជាហេតុឲ្យនាំឧបមានោះមក ទើបត្រាស់ពាក្យថា ឯវមេវ ខោ ជាដើម ។ សូត្រនេះ កាលពោលដោយអត្ថងាយយល់ទាំងអស់ហើយ ។ សិក្ខា ព្រះមានព្រះភាគ ក៏ត្រាស់លាយគ្នាក្នុងសូត្រនេះ ។