អដ្ឋកថាបឋមអាជានីយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអាជានីយសូត្រទី ៥ ដូចតទៅនេះ បទថា អង្គេហិ គឺដោយអង្គគុណទាំងឡាយ ។ បទថា រាជារហោ គឺ ( សេះអាជានេយ្យ ) សមគួរ បានដល់ សមគួរដល់ព្រះរាជា ។ បទថា រាជភោគ្គោ គឺជាសេះរបស់ព្រះរាជា ។ បទថា រញ្ញោ អង្គំ បានដល់ ដល់នូវការរាប់ថា ជាអង្គអវ័យវៈរបស់ព្រះរាជា ព្រោះមានជើងមុខ និងជើង ក្រោយជាដើមសមសួន ។ បទថា វណ្ណសម្បន្នោ បានដល់ ដល់ព្រមដោយ ពណ៌រាងកាយ ។ បទថា ពលសម្បន្នោ បានដល់ សម្បូរដោយកម្លាំង កាយ ។ បទថា ជវសម្បន្នោ បានដល់ ដល់ព្រមដោយសន្ទុះ ។ បទថា អាហុនេយ្យោ បានដល់ ជាអ្នកសមគួរទទួលបិណ្ឌបាត ពោលគឺ របស់ដែលគេនាំមកបូជា ។ បទថា បហុនេយ្យោ បានដល់ ជាអ្នក សមគួរទទួលភត្តដែលគេរៀបចំទុកទទួលភ្ញៀវ ។ បទថា ទក្ខិណេយ្យោ បានដល់ ជាអ្នកសមគួរដល់ទក្ខិណា ពោល គឺរបស់ដែលគេប្រគេនដោយ សទ្ធា ដោយអំណាចទានវត្ថុ ១០ យ៉ាង ។ បទថា អញ្ជលិករណីយោ បានដល់ ជាអ្នកសមគួរដល់ការផ្គងអញ្ជលី ។ បទថា អនុត្តរំ បុញ្ញក្ខេត្តំ លោកស្ស បានដល់ ជាទីដុះដាលនៃបុណ្យសត្វលោកទាំងអស់ មិនមានទី ដទៃស្មើ ។ បទថា វណ្ណសម្បន្នោ បានដល់ ដល់ព្រមដោយវណ្ណៈ គឺគុណ ។ បទថា ពលសម្បន្នោ បានដល់ សម្បូរដោយកម្លាំងវីរិយៈ ។ បទថា ជវសម្បន្នោ បានដល់ ដល់ព្រមដោយកម្លាំងញាណ ។ បទថា ថាមវា បាន ដល់ ដល់ព្រមដោយកម្លាំងនៃញាណ ។ បទថា ទឡបរក្កមោ បានដល់ មានការព្យាយាមមាំទាំ ។ បទថា អនិក្ខិត្តធុរោ បានដល់ មិនដាក់ធុរៈ គឺ បដិបត្តិទៅដោយគិតយ៉ាងនេះថា អញមិនសម្រេចអរហត្តផលដែលជាផល ដ៏ប្រសើរហើយ នឹងមិនដាក់ធុរៈ គឺសេចក្តីព្យាយាម ។