នវសូត្រទី ៨
ម្នាលភិក្ខុទាំងឡាយ សំពត់ដែលត្បាញដោយសម្បកឈើ ទោះបីថ្មី មានពណ៌អាក្រក់ មានសម្ផស្សអាក្រក់ ទាំងមានតម្លៃក៏តិច ម្នាល ភិក្ខុទាំងឡាយ សំពត់សម្បកឈើ ទោះបីជំនំ មានពណ៌អាក្រក់ មានសម្ផស្ស អាក្រក់ ទាំងមានតម្លៃក៏តិច ម្នាលភិក្ខុទាំងឡាយ សំពត់សម្បកឈើ ទោះបី ចាស់ មានពណ៌អាក្រក់ មានសម្ផស្សអាក្រក់ ទាំងមានតម្លៃក៏តិច ។ ម្នាល ភិក្ខុទាំងឡាយ ពួកជនរមែងធ្វើនូវសំពត់សម្បកឈើដ៏ចាស់នោះ ឲ្យជាសំពត់ សម្រាប់ជូតឆ្នាំង ឬចោលលើគំនរសំរាម ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ ភិក្ខុខ្ចីវស្សា ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ក៏យ៉ាងនោះដែរ បានជា តថាគតពោលយ៉ាងនេះ ព្រោះភិក្ខុនោះមានសម្បុរ គឺគុណអាក្រក់ ម្នាលភិក្ខុ ទាំងឡាយ សំពត់សម្បកឈើនោះ មានពណ៌អាក្រក់យ៉ាងណា តថាគត ពោលនូវបុគ្គលនេះ ក៏យ៉ាងនោះដែរ ។ បើពួកជនណា សេពគប់ ចូលទៅ អង្គុយជិត ក៏ដល់នូវទិដ្ឋានុគតិ គឺយកបុគ្គលនោះជាបែបយ៉ាង ការសេពគប់ ជាដើមនោះ របស់ជនទាំងនោះ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលជាយូរអង្វែង បានជាតថាគតពោលយ៉ាងនេះ ព្រោះភិក្ខុនោះមានសម្ផស្សអាក្រក់ ម្នាលភិក្ខុទាំងឡាយ សំពត់សម្បកឈើ មានសម្ផស្សអាក្រក់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោល នូវបុគ្គលនេះ ក៏យ៉ាងនោះដែរ ។ បើបុគ្គលនោះ ទទួលចីវរបិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខាររបស់ពួកជនណា ការទទួល នោះ មិនមានផលច្រើន មិនមានអានិសង្សច្រើន ដល់ពួកជននោះឡើយ បានជាតថាគតពោលយ៉ាងនេះ ព្រោះបុគ្គលនោះមានតម្លៃតិច ម្នាលភិក្ខុទាំងឡាយ សំពត់សម្បកឈើនោះ មានតម្លៃតិចយ៉ាងណា តថាគតពោលនូវ បុគ្គលនោះ ក៏យ៉ាងនោះដែរ ។