អដ្ឋកថានវសូត្រ

ក្បាលទី 27 · ទំព័រ 391

សំពត់ដែលត្រាស់ថាថ្មីព្រោះអាស្រ័យការធ្វើ ។ សំពត់ ដែលធ្វើអំពីធ្មៃ ឈ្មោះថា បេត្ថកោ ។ សំពត់ដែលឈ្មោះថា មជ្ឈិមោ បានដល់ សំពត់ពាក់កណ្តាលចាស់ ពាក់កណ្តាលថ្មី ព្រោះការប្រើប្រាស់ ។ សំពត់ដែលឈ្មោះថា ជិណ្ណោ បានដល់ សំពត់ចាស់ព្រោះប្រើប្រាស់ ។ បទថា ឧក្ខលិបរិមជ្ជនំ បានដល់ ជាសំពត់ជូតឆ្នាំងបាយ ។ បទថា ទុស្សីលោ បានដល់ មិនមានសីល ។ បទថា ទុព្វណ្ណតាយ បានដល់ ព្រោះជាបុគ្គល មានពណ៌សម្បុរថោកថយ ព្រោះមិនមានពណ៌ គឺគុណ ។ បទថា ទិដ្ឋានុគតឹ អាបជ្ជន្តិ បានដល់ ភិក្ខុទាំងឡាយនាំគ្នាធ្វើតាមលំអាន ដែលភិក្ខុនោះ ធ្វើហើយ ។ បទថា ន មហប្ផលំ ហោតិ សេចក្តីថា មិនមានផលច្រើន ដោយផល គឺវិបាក ។ បទថា ន មហានិសំសំ សេចក្តីថា មិនមានអានិសង្ស ច្រើន ដោយអានិសង្ស គឺវិបាក ។ បទថា អប្បគ្ឃតាយ បានដល់ ព្រោះ ការទទួលនោះ មានតម្លៃតិច ដោយតម្លៃ គឺវិបាក ។ បទថា កាសិកំ វត្ថំ បានដល់ សំពត់ដែលត្បាញដោយអំបោះដែលធ្វើអំពីសំឡី ។ ឯសំពត់ ប្រភេទនោះកើតឡើង ចំពោះក្នុងដែនកាសី ។ បទដ៏សេស ងាយយល់ទាំងអស់ហើយ ។ ចំណែកសីលក្នុងសូត្រ នេះ ព្រះមានព្រះភាគត្រាស់លាយគ្នានោះឯង ។