បុព្វសូត្រទី ១
ម្នាលភិក្ខុទាំងឡាយ កាលមុននឹងត្រាស់ដឹង តថាគតនៅជា ពោធិសត្វ មិនទាន់ត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះដូច្នេះថា អានិសង្សដូចម្តេច ទោសដូចម្តេច ការរលាស់ខ្លួនចេញដូចម្តេចក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា សភាវៈណា កើតឡើង ព្រោះអាស្រ័យសេចក្តីសុខ សោមនស្សក្នុងលោក សភាវៈនេះ ឈ្មោះថា ជាអានិសង្សក្នុងលោក សភាវៈណាមិនទៀងជាទុក្ខ មានសេចក្តី ប្រែប្រួលទៅជាធម្មតា សភាវៈនេះ ឈ្មោះថា ជាទោសក្នុងលោក សភាវៈ ណាជាគ្រឿងបន្ទោបង់នូវឆន្ទរាគ ជាគ្រឿងលះបង់នូវឆន្ទរាគ ក្នុងលោក សភាវៈនេះ ឈ្មោះថា ជាការរលាស់ខ្លួនចេញ ក្នុងលោក ។ ម្នាលភិក្ខុ ទាំងឡាយ តថាគតនៅមិនទាន់ត្រាស់ដឹងតាមពិត នូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ខ្លួនចេញចាកលោក ថាជា ការរលាស់ខ្លួនចេញផង យ៉ាងនេះត្រឹមណា ម្នាលភិក្ខុទាំងឡាយ តថាគត ក៏មិនប្តេជ្ញាថាជាអ្នកត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំង ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណ- ព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេសត្រឹមណោះ ។ ម្នាល ភិក្ខុទាំងឡាយ លុះតែតថាគតបានត្រាស់ដឹងតាមពិតនូវអានិសង្សថាជាអានិសង្សផង នូវទោសថាជាទោសផង នូវការរលាស់ខ្លួនចេញចាកលោកថា ជាការរលាស់ខ្លួនចេញផង យ៉ាងនេះក្នុងកាលណា ម្នាលភិក្ខុទាំងឡាយ ទើប តថាគតប្តេជ្ញាថាជាអ្នកត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង សមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ក្នុងកាល ណោះ ។