រោណសូត្រទី ៥

ក្បាលទី 27 · ទំព័រ 428

ម្នាលភិក្ខុទាំងឡាយ ការច្រៀងទុកដូចជាការយំ ក្នុងអរិយវិន័យ ម្នាលភិក្ខុទាំងឡាយ ការរាំទុកដូចជាការឆ្កួត ក្នុងអរិយវិន័យ ម្នាល ភិក្ខុទាំងឡាយ ការសើចក្អាកក្អាយ បញ្ចេញធ្មេញឲ្យកន្លងហួសវេលា ទុក ដូចជាល្បែងក្មេង ក្នុងអរិយវិន័យ ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរបំបាក់ស្ពាន ក្នុងការច្រៀង ចូរបំបាក់ស្ពានក្នុងការរាំចេញ កាលអ្នកទាំងឡាយ មានសេចក្តីរីករាយ ក្នុងហេតុ ( ណាមួយ ) គ្រាន់តែ សម្តែងអាការញញឹមបុណ្ណោះ ល្មមហើយ ។