អដ្ឋកថារោណសូត្រ
សូត្រទី ៥ ខ្ញុំលើករឿងឡើងសម្តែងតាមអត្ថុប្បត្តិហេតុ ។ សួរថា រឿងរ៉ាវកើតឡើងដូចម្តេច ។ ឆ្លើយថា រឿងកើតឡើងក្នុងអនាចារ របស់ឆព្វគ្គិយទាំងឡាយ ។ បានឮថា ឆព្វគ្គិយទាំងនោះច្រៀង រាំ សើច ត្រាច់ទៅ ។ ភិក្ខុទាំងឡាយនាំគ្នាក្រាបទូលព្រះទសពល ព្រះបរមសាស្តា ត្រាស់ហៅឆព្វគ្គិយទាំងនោះមក ហើយទ្រង់ប្រារព្ធសូត្រនេះ ដើម្បីពុទ្ធបំណង ប្រៀនប្រដៅភិក្ខុទាំងនោះ ។ បណ្តាបទទាំងនោះ បទថា រុណ្ណំ ប្រែថា ការយំ ។ បទថា ឧម្មត្តកំ បានដល់ កិរិយារបស់មនុស្សឆ្កួត ។ បទថា កោមារិកំ បានដល់ រឿង ដែលក្មេងៗ ត្រូវធ្វើ ។ បទថា ទន្តវិទំសកហសិតំ បានដល់ ការសើច ព្រោះសំឡេងខ្លាំងរបស់បុគ្គលអ្នកបញ្ចេញធ្មេញ ហើយទះដៃ ។ បទថា សេតុឃាតោ គីតេ ព្រះមានព្រះភាគទ្រង់សម្តែងថា ការកាត់នូវបច្ច័យក្នុង ការប្រគំរបស់អ្នកទាំងឡាយ ចូរស្លេះទុកសិន អ្នកទាំងឡាយ ចូរលះនូវការ ប្រគំ ព្រមទាំងហេតុ ។ សូម្បីក្នុងការរាំ ក៏មានន័យនេះដូចគ្នា ។ បទថា អលំ ប្រែថា គួរហើយ ។ ហេតុ ត្រាស់ហៅថា ធម៌ ក្នុងបទ នេះថា ធម្មប្បមោទិតានំ សតំ កាលមនុស្សទាំងឡាយត្រេកអរ រីករាយ ដោយហេតុណាមួយ ។ បទថា សិតំ សិតមត្តាយ មានអធិប្បាយថា កាលមានហេតុដែលត្រូវសើច ការសើចដែលអ្នកធ្វើត្រឹមតែញញឹម គឺដើម្បី សម្តែងត្រឹមតែអាការត្រេកអរឲ្យឃើញចុងធ្មេញបុណ្ណោះ ក៏គ្រប់គ្រាន់សម្រាប់ អ្នកទាំងឡាយ ។