ទុតិយកូដសូត្រទី ៨

ក្បាលទី 27 · ទំព័រ 434

គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយក៏អង្គុយក្នុងទី សមគួរ ។ លុះអនាថបិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មាន ព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី កាលបើចិត្តព្យាបាទហើយ កាយកម្មក៏ព្យាបាទតាមដែរ វចីកម្មក៏ព្យាបាទតាមដែរ មនោកម្មក៏ព្យាបាទ តាមដែរ ។ កាលបុគ្គលនោះ មានកាយកម្មប្រកបដោយព្យាបាទ មានវចីកម្ម ប្រកបដោយព្យាបាទ មានមនោកម្មប្រកបដោយព្យាបាទហើយ មរណៈ ( របស់បុគ្គលនោះ ) ក៏មិនល្អទេ កាលកិរិយាក៏មិនល្អទេ ។ ម្នាលគហបតី ដូចជាផ្ទះមានកំពូល ដែលបុគ្គលប្រក់មិនជិត កំពូលក៏ខូចផង បង្កង់ក៏ខូចផង ជញ្ជាំងក៏ខូចផង ម្នាលគហបតី កាលបើចិត្តព្យាបាទហើយ ។ បេ ។ មរណៈក៏ មិនល្អ កាលកិរិយាក៏មិនល្អ ដូច្នោះដែរ ។ ម្នាលគហបតី កាលបើចិត្តមិន ព្យាបាទហើយ កាយកម្មក៏មិនព្យាបាទតាម វចីកម្មក៏មិនព្យាបាទតាម មនោកម្មក៏មិនព្យាបាទតាម ។ កាលបុគ្គលនោះ មានកាយកម្មមិនប្រកបដោយ ព្យាបាទ មានវចីកម្មមិនប្រកបដោយព្យាបាទ មានមនោកម្មមិនប្រកបដោយ ព្យាបាទហើយ មរណៈក៏ល្អ កាលកិរិយាក៏ល្អ ។ ម្នាលគហបតី ដូចជាផ្ទះ មានកំពូល ដែលបុគ្គលប្រក់ជិត កំពូលក៏មិនខូចផង បង្កង់ក៏មិនខូចផង ជញ្ជាំងក៏មិនខូចផង ម្នាលគហបតី កាលបើចិត្តមិនព្យាបាទហើយ ។ បេ ។ មរណៈក៏ល្អ កាលកិរិយាក៏ល្អ ដូច្នោះដែរ ។ ៥